គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលអាម៉េរិក បានបិទដំណើរការអស់រយៈពេល៣១ថ្ងៃហើយ ដែលបញ្ហានេះកំពុងបង្កជាបញ្ហាប្រឈមសម្រាប់វិស័យមួយចំនួន ក៏ដូចជាសេដ្ឋកិច្ចរបស់អាម៉េរិក។ អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វេន បានព្រមានថា ប្រសិនបើការបិទរដ្ឋាភិបាលបន្តអូសបន្លាយពេលរហូតដល់ថ្ងៃបុណ្យ Thanksgiving ដែលជាពេលវេលាឈប់សម្រាកដ៏មមាញឹកមួយនៅសហរដ្ឋអាម៉េរិក នោះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិកជាក់ជាមិនខាន។
ក្រោយកិច្ចប្រជុំនៅសេតវិមានជាមួយនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ សហជីព និងមន្ត្រីឧស្សាហកម្មអាកាសចរណ៍អាម៉េរិកផ្សេងទៀត លោក វេន បាននិយាយថា ប្រសិនបើការបិទរដ្ឋាភិបាលបន្តអូសបន្លាយរហូតដល់ចុងខែវិច្ឆិកា នោះវានឹងធ្វើឱ្យអវត្តមានបុគ្គលិកកាន់តែច្រើន សេវាសន្តិសុខកាន់តែយូរ និងធ្វើឱ្យមានការពន្យារពេលជើងហោះហើរផងដែរ។ ដូច្នេះ លោក ជំរុញឱ្យគណបក្សប្រជាធិបតេយ្យបោះឆ្នោតគាំទ្រកញ្ចប់ថវិការបស់លោក ត្រាំ ដើម្បីបើកទ្វាររដ្ឋាភិបាលឡើងវិញ។
ជាមួយគ្នានេះ លោក ត្រាំ បានជំរុញឱ្យលុបច្បាប់តវ៉ា ឬរារាំងនៅព្រឹទ្ធសភា ដើម្បីជៀសវាងការរារាំងពីគណបក្សប្រជាធិបតេយ្យក្នុងពេលបិទរដ្ឋាភិបាលរយៈពេល៣០ថ្ងៃមកនេះ។ សូមបញ្ជាក់ថា ច្បាប់តវ៉ានៅព្រឹទ្ធសភាបានកំណត់ថា លុះត្រាតែមានការគាំទ្រពីព្រឹទ្ធសមាជិកចំនួន៦០នាក់ក្នុងចំណោម១០០នាក់ឡើងទៅ ទើបអាចអនុម័តច្បាប់មួយបាន។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួថា ឥឡូវនេះវាដល់ពេលវេលាដែលគណបក្សសាធារណរដ្ឋត្រូវលេងសន្លឹកបៀរចុងក្រោយហើយ គឺការលុបច្បាប់រារាំងនៅព្រឹទ្ធសភា។
គិតមកទល់ពេលនេះ វាគ្មានសញ្ញាណាមួយបង្ហាញពីការបញ្ចប់ការបិទរដ្ឋាភិបាលនោះឡើយ ខណៈសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋជំរុញឱ្យពួកប្រជាធិបតេយ្យគាំទ្រវិធានការផ្តល់មូលនិធិបណ្តោះអាសន្នរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ខណៈសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យទាមទារឱ្យមានការចរចា ដើម្បីពង្រីកឥណទានពន្ធ ដែលគាំទ្រដល់សុខុមាលភាពសង្គម។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិក បានបិទដំណើរការនៅថ្ងៃទី១ ខែតុលា ដែលជាថ្ងៃដំបូងនៃឆ្នាំសារពើពន្ធរបស់រដ្ឋាភិបាលសហព័ន្ធនៅក្នុងឆ្នាំ២០២៦ ដោយសារសមាជិកសភាសាធារណរដ្ឋ និងប្រជាធិបតេយ្យបានបរាជ័យក្នុងការព្រមព្រៀងគ្នាលើច្បាប់ថវិកាជាតិ៕
ដោយ៖ សុខ មង្គល