លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ការបញ្ចុះពន្ធលើមុខទំនិញអគ្គិសនី និងប្រព័ន្ធថាមពលសូឡា គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ លោកជឿជាក់ថា យន្តការនេះនឹងមិនត្រឹមតែជួយឱ្យការប្រើប្រាស់ថាមពលបៃតងរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសន្តិសុខថាមពលកម្ពុជាពីវិបត្តិប្រេងឥន្ធនៈនាពេលអនាគតផងដែរ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ក៏បានយល់ស្របដែរថា ការបញ្ចុះពន្ធ និងអាករលើឧបករណ៍អគ្គិសនីរបស់រាជរដ្ឋាភិបាល ជាស្ថានភាពអំណោយផលសម្រាប់ពលរដ្ឋក្នុងការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថាមពល។ ទោះជាយ៉ាងណា លោកយល់ថា ក្រុមហ៊ុននាំចូលគួរតែលក់ផលិតផលទាំងនេះក្នុងតម្លៃសមរម្យស្របតាមការបញ្ចុះពន្ធរបស់រដ្ឋ។ ទន្ទឹមនឹងនេះ លោកសេក សុជាតិ ក៏បានស្នើឱ្យរដ្ឋាភិបាលពិចារណាលើការបញ្ចុះតម្លៃអគ្គិសនីបន្ថែមទៀត ដើម្បីលើកទឹកចិត្ត និងកាត់បន្ថយហានិភ័យដល់ពលរដ្ឋដែលរងគ្រោះដោយសារទំនិញឡើងថ្លៃ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកែសម្រួលអត្រាពន្ធគយ និងអត្រាអាករលើមុខទំនិញនាំចូលមួយចំនួនក្នុងនោះបញ្ចុះអត្រាពន្ធនាំចូលពី៧% មក០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡា, បញ្ចុះអត្រាពន្ធនាំចូលពី១៥%មក០% លើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពលសូឡា, អាគុយលីចូមជាដើម, បញ្ចុះអត្រាពន្ធនាំចូលពី៣៥% មក៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ P.H.E.V, បញ្ចុះអត្រាពន្ធនាំចូលពី៣៥% មក០%លើមុខទំនិញចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្តគ្រួសារប្រភេទ EV និងបញ្ចុះអត្រាអាករនាំចេញពី២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម)។ អត្រាពន្ធគយ និងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ៕
អត្ថបទ៖ បូ ដូឡា