វិស័យការពារជាតិ

យុទ្ធសាស្ត្របង្វែរដាន! អ្នកជំនាញមើលឃើញថា យោធាថៃ កំពុងប្រើបញ្ហាព្រំដែនកម្ពុជា ដើម្បីរំលត់កម្ដៅនយោបាយផ្ទៃក្នុង


អ្នកជំនាញភូមិសាស្ត្រនយោបាយមើលឃើញថា យោធាថៃ កំពុងព្យាយាមប្រើប្រាស់តំបន់ព្រំដែនកម្ពុជា ធ្វើជាឧបករណ៍នយោបាយ ដើម្បីបង្វែរអារម្មណ៍របស់ពលរដ្ឋថៃ កុំឱ្យចាប់អារម្មណ៍នឹងវិបត្តិនយោបាយផ្ទៃក្នុងដែលកំពុងរង្គោះរង្គើខ្លាំងក្រោយការបោះឆ្នោតកាលពីពេលថ្មីៗ។ សកម្មភាពរំលោភបំពាន និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនត្រូវបានគេមើលឃើញថា ជាការញុះញង់ក្នុងបំណងឱ្យកម្ពុជា ប្រើប្រាស់កម្លាំងទ័ពវាយបកដែលអាចដុតបញ្ឆេះឱ្យក្លាយជាសង្គ្រាមពេញបន្ទុក។
វិស័យការពារជាតិ
ដោយ

លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អសង្កេតឃើញថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នបានក្លាយជាលំហាត់ដ៏លំបាកមួយសម្រាប់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ។ លោកយល់ឃើញថា សកម្មភាពរបស់យោធាថៃ ដែលបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនរបស់ពលរដ្ឋខ្មែរហាក់មានបំណងអូសទាញកម្ពុជា ឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធជាថ្មី ខណៈដែលនយោបាយក្នុងប្រទេសថៃ កំពុងវឹកវរយ៉ាងខ្លាំង។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា គ្មានជម្រើសអ្វីល្អជាងការដោះស្រាយដោយសន្តិវិធីនោះទេ ប៉ុន្តែត្រូវបន្ថែមយន្តការអន្តរជាតិ ដើម្បីដាក់សម្ពាធលើភាគីថៃ និងត្រូវយកចិត្តទុកដាក់ប៉ះប៉ូវផ្លូវចិត្តដល់ពលរដ្ឋដែលរងគ្រោះ។

​ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយក៏បានយល់ឃើញស្រដៀងគ្នាដែរថា ប្រទេសថៃ កំពុងព្យាយាមរុញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ខ្លួនមកកាន់ព្រំដែន ខណៈបញ្ហានយោបាយក្នុងប្រទេសថៃ កំពុងឡើងកម្ដៅខ្លាំងជុំវិញការបោះឆ្នោតនាពេលថ្មីនេះ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ អំពាវនាវឱ្យពលរដ្ឋខ្មែររួមសាមគ្គីគ្នាជាធ្លុងមួយប្រឆាំងនឹងការឈ្លានពាន និងចៀសវាងការឈ្លោះប្រកែកគ្នាឯង ដែលអាចធ្វើឱ្យកម្ពុជា ធ្លាក់ក្នុងអន្ទាក់សង្គ្រាមពេញបន្ទុកតាមបំណងរបស់ភាគីថៃ។ សម្រាប់អ្នកជំនាញរូបនេះ ការតវ៉ាតាមផ្លូវការទូតយ៉ាងដាច់អហង្ការ គឺជាអាវុធដ៏មានប្រសិទ្ធភាពនាពេលបច្ចុប្បន្ននេះ។

​ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានផ្ដល់យោបល់ថា កម្ពុជា គួររុញបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់ជម្លោះដោយតម្លាភាព។ ទន្ទឹមនឹងការដើរតាមផ្លូវច្បាប់ លោក​ក៏បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការខិតខំពន្លឿនការអភិវឌ្ឍវិស័យការពារជាតិ និងការបង្រួបបង្រួមជាតិ ឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមលក្ខណៈការពារខ្លួនក្នុងគ្រាអាសន្នផងដែរ។

​ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាយ៉ាងដាច់អហង្ការប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់យោធាថៃ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅតំបន់បឹងត្រកួន និងការជីកប្រឡាយកែប្រែភូមិសាស្ត្រនៅតំបន់អូរបីជាន់​។ កម្ពុជា បានចាត់ទុកសកម្មភាពទាំងនេះថា ជាការប៉ុនប៉ងបង្កើតសភាពការណ៍ជាក់ស្ដែង ដើម្បីកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដរាបណានៅមានជម្រើស កម្ពុជានឹងមិនជ្រើសរើសការដោះស្រាយដោយហិង្សានោះឡើយ​។ រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើការដោះស្រាយតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងដែលមានស្រាប់ និងតាមរយៈយន្តការគគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ទោះបីជាការចរចានាពេលនេះនៅមានភាពស្មុគស្មាញក៏ដោយ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត

(ទីស្តីការគណៈរដ្ឋមន្រ្តី)៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ…

កម្ពុជា កំពុងរៀបចំច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីពង្រឹងសន្តិសុខ និងសេដ្ឋកិច្ច ខណៈកំពុងបោសសម្អាតការឆបោក

ទន្ទឹមនឹងកំពុងចាត់វិធានការយ៉ាងក្តៅគគុកក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ កម្ពុជា កំពុងពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ការប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ