
លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ កត់សម្គាល់ឃើញថា គិតមកដល់ពេលនេះមានពលរដ្ឋប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ១លាន៣៦ម៉ឺននាក់ ស្មើនឹងប្រមាណ៨%នៃចំនួនប្រជាជនសរុបនៅទូទាំងប្រទេស។ បើតាមអ្នកជំនាញរូបនេះ នាពេលបច្ចុប្បន្ននេះពលរដ្ឋចាប់ផ្ដើមមានការយល់ដឹងកាន់តែច្រើនក្នុងការប្រើប្រាស់សេវាធានារ៉ាប់រង ខណៈចំនួនខាងលើនេះ គឺមានប្រមាណ៦០% បានប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ខណៈក្រុមហ៊ុនក៏បានផ្ដល់សំណងតាមកិច្ចសន្យាដល់អ្នកប្រើប្រាស់ ដែលជួបបញ្ហាប្រឈមជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានគូសបញ្ជាក់ថា ការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត ប្រៀបបាននឹងមានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុដោយសារតែទទួលបាននូវកិច្ចការពារហានិភ័យ ដែលកើតចេញពីគ្រោះអកុសលជាយថាហេតុណាមួយ។
បើតាមអគ្គនាយកក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជា នាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ ខណៈការប្រើប្រាស់នៅក្នុងប្រទេសថៃ មានប្រមាណ៤០% និងនៅក្នុងប្រទេសវៀតណាម មានប្រមាណ២០%នៃចំនួនប្រជាជនសរុប។ បើតាមលោក ព្រូ ស៊ីថន នៅក្នុងឆ្នាំ២០២៤ កន្លងទៅ វិស័យធានរ៉ាប់រងអាយុជីវិតនៅកម្ពុជាបានផ្ដល់សំណងដល់អ្នកប្រើប្រាស់រហូតដល់៣២លានដុល្លារអាម៉េរិក ដែលមានការកើនឡើងជាបន្តបន្ទាប់។ ការកើនឡើងនេះ ត្រូវបានអ្នកជំនាញរូបនេះគូសបញ្ជាក់ថា ដោយសារតែពលរដ្ឋចាប់ផ្ដើមមានទំនុកចិត្ត និងប្រើប្រាស់សេវាធានារ៉ាប់រងច្រើនជាងមុន៕
អត្ថបទ៖ បូ ដូឡា