ពន្ធលើតម្លៃបន្ថែម VAT

ថៃសម្រេចរក្សា អត្រាពន្ធលើតម្លៃបន្ថែម (VAT) នៅត្រឹម ៧% ខណៈវៀតណាម ត្រៀមដំឡើងបន្ថែម


រាជរដ្ឋាភិបាលថៃ សម្រេចរក្សាអត្រាពន្ធលើតម្លៃបន្ថែម VAT នៅត្រឹម៧% ដដែល ដោយមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ។ បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ បានឲ្យដឹងថា ការកំណត់រក្សាពន្ធ VAT នៅត្រឹម៧% ដដែលនេះ រដ្ឋសុខចិត្តបាត់បង់ចំណូលប្រមាណ ២៥៨ ពាន់លានបាត ឬស្មើនឹងប្រមាណជាង ៧.៧០០ លានដុល្លារអាមេរិក។
រូបក្រដាសប្រាក់របស់ថៃ (www.thai2siam.com)
ដោយ

ត្រូវបាន​ស្រង់​សម្ដី​ដោយ កាសែត​បាង​កក​ប៉ុស្ដិ៍ លោក ណាត់ផន ជុតទូស្រ៊ី​ពី​តាក់ (Nathporn Chutusripitak) ទីប្រឹក្សា​រដ្ឋមន្ត្រី​ថៃ​បានឲ្យ​ដឹងថា ការសម្រេច​រក្សា VAT ឲ្យនៅ​ត្រឹម ៧% នេះ ព្រោះ​ថា ដោយសារតែ​រាជ​រដ្ឋា​ភិបាលមើលឃើញថា​ បើដំឡើង​ខ្ពស់​ជាង​នេះ វាអាច​នឹងធ្វើឲ្យ​មានផល​ប៉ះពាល់​ដល់អ្នក​ប្រើប្រាស់ ក៏ដូចជា ធ្វើឲ្យ​ថ្លៃទំនិញ​​​មាន​តម្លៃកាន់​តែខ្ពស់​ជាង​មុន​ ដែលវា​ជាឧបសគ្គ​មួយ​សម្រាប់​ការលូត​លាស់​សេដ្ឋកិច្ច។ 

ពន្ធ VAT នៅថៃ ត្រូវបាន​ណែនាំ​ឲ្យប្រើប្រាស់​តាំង​ពីឆ្នាំ ១៩៩២ មកម្លេះ ដែលត្រូវ​បានកំណត់​យក ១០% ប៉ុន្ដែ​ក្រោយ​មក នៅឆ្នាំ១៩៩៧ ពន្ធ VAT នេះ ត្រូវបាន​ទម្លាក់​មកនៅ​ត្រឹម ៧% មកទល់​សព្វថ្ងៃ​នេះ ដោយ​សារ​តែអំឡុង​ពេល​នោះ មានការស្នើ​សុំ ពីវិស័យ​ឯកជន។

ជុំវិញ​នឹងរឿង​ពន្ធលើ​តម្លៃ​បន្ថែម VAT នេះដែរ បើយើង​ក្រលេក​ទៅមើល​ប្រទេស​វៀតណាម​ឯណោះ​វិញ ក្រសួង​ហិរញ្ញវត្ថុ វៀតណាម ក៏មាន​បំណង​បង្កើន​តម្លៃពន្ធ លើពន្ធ​ VAT នេះដែរ ពោលគឺ បង្កើន​ពី១០% នា​ពេល​បច្ចុប្បន្ន ទៅ​១២​% នៅឆ្នាំ២០១៩។ ទោះយ៉ាង​ណា តាម​ការលើក​ឡើង​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​វៀតណាម នៅ​ក្នុង​សារព័ត៌មាន វៀតណាម Express បានឲ្យ​ដឹងថា ការធ្វើបែប​នេះ អាចនឹង​ជំរុញ​ឲ្យអត្រា​​ភាពក្រីក្រ​ក្នុង​ប្រទេស​នេះ កាន់តែ​មានការ​កើន​ឡើង ដោយ​សារតែ​ការចំណាយ​លើថ្លៃ​ទំនិញ​មានខ្ពស់​​ជាងមុន​។ 

យ៉ាងណា​ក៏ដោយចុះ កាលពីពេល​ថ្មីៗ​នេះ ក្រសួង​ហិរញ្ញវត្ថុ​វៀត​ណាម បានដាក់​ស្នើចេញ​ជា ២ ជម្រើសក្នុង​ការបង្កើន​តម្លៃពន្ធ VAT នេះ ទៅលើ​ទំនិញ និងសេវា ​នៅក្នុង​ប្រទេស។ ជម្រើស​ទីមួយ គឺបង្កើន​ពីចំនួន​ពន្ធ VAT ៥% (តាមប្រភេទ​មុខ​ទំនិញ​​មួយ​ចំនួន) នាពេល​​បច្ចុប្បន្ន ទៅ ៦% និង​ចំនួន ពន្ធ VAT ១០% ទៅ ១២%។ រីឯ ជម្រើស​ទី២​វិញ គឺគ្រប់​ប្រភេទ​មុខ​ទំនិញ និងសេវាកម្ម ត្រូវ​កំណត់​យក VAT ១០% ស្មើគ្នា​ទាំង​អស់។ តែយ៉ាងណា គម្រោង​បង្កើន​ពន្ធ VAT របស់វៀត​ណាមនេះ ហាក់នៅ​មាន​ភាពចម្រូង​ចម្រាស​ច្រើន ក្នុងការ​ឈានទៅ​សម្រេច​ចេញ​ជា​ផ្លែផ្កា។

ទោះយ៉ាងណា ប្រសិន​បើវៀតណាម ឈាន​ទៅបង្កើន​តម្លៃពន្ធ VAT រហូត​ដល់ ១២% មែននោះ នោះប្រទេសនេះ នឹងក្លាយ​ជាប្រទេស​មានអត្រា​ពន្ធ VAT ខ្ពស់ជាគេ​មួយ​ នៅក្នុង​​ចំណោម ប្រទេសក្នុង​តំបន់អាស៊ី​អាគ្នេយ៍ បន្ទាប់ពី​ប្រទេស​ភីលីពីន ដែលមាន​អត្រា​ពន្ធ VAT ១៨% ខណៈដែល​មីយ៉ាន់ម៉ា មានអត្រា​​មួយទាប​ជាងគេគឺ ៥%។

ដោយឡែក សម្រាប់​កម្ពុជា​យើង​វិញ ពន្ធលើ​តម្លៃ​បន្ថែម VAT នេះ មាន​អត្រា ១០% ហើយ​រហូតមក​ទល់ពេលនេះ រាជរដ្ឋា​ភិបាល ហាក់​ដូចជា​មិនទាន់​មាន​​គម្រោង​ក្នុងការ​កែប្រែ បន្ថែម​ ឬបន្ថយ លើតម្លៃ​ពន្ធនេះនៅ​ឡើយ​ទេ៕  

_



អត្ថបទបន្ទាប់


ឧកញ៉ា ម៉ុង ឫទ្ធី៖ ខ្ញុំរកទិញស្វាយមិនបាន តែគេថា ស្វាយអត់ទីផ្សារ!

លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលមហាជនស្គាល់ថា ជាអ្នកជំនួញដ៏លេចធ្លោមួយរូប ក្នុងវិស័យកសិកម្មកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា តម្រូវការផ្លែស្វាយ…

បណ្ឌិត អ៊ិន ចាន់នី៖ ធនាគារកើតច្រើន ប៉ុន្តែមិនប្រកួតគ្នា យកស្លាប់ រស់ ឡើយ!

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារ អេស៊ីលីដា និងជាវិនិយោគដ៏ជោគជ័យមួយនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុកម្ពុជា បានធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ