លោក សំរិទ្ធ សុឃន កសិករដាំបន្លែ និងជាសមាជិកសហគមន៍កសិកម្មទំនើបនៅស្រុកត្រាំកក់ ខេត្តតាកែវ បានឱ្យដឹងថា តម្លៃបន្លែរបស់លោកមិនមានការប្រែប្រួលនោះទេ ហើយក៏មិនមានបញ្ហាប្រឈមផ្នែកទីផ្សារខ្លាំងនោះដែរ ដោយសារមានដៃគូទទួលទិញតាមកិច្ចសន្យា។ តែយ៉ាងណាកសិកររូបនេះ អះអាងថា ការប្រែប្រួលអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនបានធ្វើឱ្យបន្លែមួយចំនួនរងការខូចខាត និងមានការឡើងថ្លៃផងដែរ។
ជាមួយគ្នានេះលោក តេន ទុំ ប្រធានសហគមន៍កសិកម្មគោកស្រុក ស្ថិតក្នុងខេត្តត្បូងឃ្មុំ កត់សម្គាល់ឃើញថា ប្រភេទបន្លែមួយចំនួនរបស់កសិករខ្មែរក្នុងតំបន់របស់លោកនៅរក្សាបានស្ថិរភាពតម្លៃល្អនារយៈពេលចុងក្រោយនេះ។ ការរក្សាបានស្ថិរភាពតម្លៃនេះ ត្រូវបានអ្នកជំនាញរូបនេះយល់ថា អាចដោយសារតែការនាំចូលបន្លែពីប្រទេសជិតខាងកម្ពុជា មានចំនួនតិចជាងមុន និងម្យ៉ាងដោយសារមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀងជាដើម។
ដោយឡែកក្រុមអាជីវករលក់បន្លែនៅផ្សារដើមគ បានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ បន្លែដាំដុះក្នុងស្រុក និងបន្លែនាំចូលមួយចំនួនហាក់មានការឡើងថ្លៃ ជាហេតុធ្វើឱ្យមានការត្អូញត្អែរពីអ្នកទិញយកទៅបរិភោគ។ បើតាមការវាយតម្លៃរបស់ក្រុមអាជីវករទាំងនេះ ការឡើងថ្លៃនេះអាចដោយសារកសិករជាអ្នកដាំជួបប្រឈមនឹងការខូចខាតដោយជំនន់ទឹកភ្លៀង ខណៈបន្លែមួយចំនួនដូចជា ត្រកួនជាដើម បានហក់ឡើងថ្លៃខ្ពស់ឈានដល់ ៨ពាន់រៀលក្នុង១គីឡូក្រាម និងម្ទេសតម្លៃ១ម៉ឺន៦ពាន់រៀលក្នុង១គីឡូក្រាម។
សារព័ត៌មានវៀតណាម បានចុះផ្សាយកាលពីពេលថ្មីៗថា ក្រោយរងគ្រោះដោយសារព្យុះប្រមាណ ១៣លើកផ្ទួនៗចាប់តាំងពីខែឧសភា រហូតដល់ខែវិច្ឆិកា បានធ្វើឱ្យខេត្តជាច្រើននៅវៀតណាម ជួបគ្រោះមហន្តរាយដូចជា ទឹកជំនន់ ខ្យល់ព្យុះកំបុតត្បូង និងដីបាក់ស្រុតជាដើម។ បញ្ហាទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដាំដុះបន្លែរបស់ប្រជាពលរដ្ឋ ដែលជំរុញឱ្យតម្លៃបន្លែនៅក្នុងប្រទេសនេះកើនឡើងចន្លោះពី៣០ ទៅ១០០% គួរឱ្យភ្ញាក់ផ្អើល៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន