ការប៉ុនប៉ងរបស់លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ក្នុងការស្នើសុំអាម៉េរិក ឱ្យលើកលែងទោស និងដកទណ្ឌកម្ម ដូចជាបើកដែនអាកាសឡើងវិញ ទំនងជាមិនអាចសម្រេចនោះទេ ក្រោយលោក ដូណាល់ ត្រាំ បដិសេដមិនទទួលសំណើសុំជួបជជែកតាមទូរសព្ទរបស់លោក។ ជាមួយគ្នានេះ សំណើសុំដាក់លោកស្រី ដែលស៊ី រ៉ូឌ្រីហ្គេ (Delcy Rodriguez) អនុប្រធានាធិបតីឱ្យដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក ម៉ាឌូរ៉ូ ក៏ទំនងជាមិនទទួលបានការគាំទ្រនោះដែរ។
ការបរាជ័យខាងលើបានធ្វើឱ្យលោក ម៉ាឌូរ៉ូ កំពុងទាល់ច្រកចង់ចុះចេញពីតំណែងក៏មិនបាន ចង់ចាកចេញពីប្រទេសក៏មិនបាន ដ្បិតការធានាសុវត្ថិភាពរបស់អាម៉េរិកសម្រាប់រូបលោកអស់សុពលភាពត្រឹមខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ បើតាមការអះអាងរបស់សេតវិមាន លោក ត្រាំ បានបដិសេធសំណើជាបន្តបន្ទាប់ពីមេដឹកនាំវេណេស៊ុយអេឡា។ បើតាមការបង្ហើបរបស់លោក ម៉ាឌូរ៉ូ លោកអាចចាកចេញពីប្រទេសវេណេស៊ុយអេឡាបានដរាបណាលោកនិងសមាជិកគ្រួសាររបស់លោកមានការលើកលែងទោសផ្នែកច្បាប់ពេញលេញ រួមទាំងការដកទណ្ឌកម្មទាំងអស់ពីសហរដ្ឋអាម៉េរិក និងការបញ្ចប់សំណុំរឿងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ក្រៅពីនោះ លោក ក៏បានស្នើឱ្យអាម៉េរិក ដកទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡាជាង១០០នាក់ ដែលភាគច្រើនត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាម៉េរិក ពីបទរំលោភសិទ្ធិមនុស្ស ការជួញដូរគ្រឿងញៀន និងអំពើពុករលួយជាដើម។
ទោះគ្មានព័ត៌មានផ្លូវការណាមួយចុះផ្សាយពីកិច្ចសន្ទនាគ្នារវាងលោក ត្រាំ និងលោក ម៉ាឌូរ៉ូ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ក៏ដោយ តែប្រភពដែលដឹងពីបញ្ហានេះបានបង្ហើបថា លោក ត្រាំ បានបដិសេធរាល់សំណើទាំងអស់របស់ប្រធានាធិបតីវេណេស៊ុយអេឡា ហើយថា លោក ត្រាំ ទុកពេលឱ្យលោក ម៉ាឌូរ៉ូ និងក្រុមគ្រួសារមួយសប្តាហ៍ ដើម្បីចាកចេញពីប្រទេសវេណេស៊ុយអេឡា ទៅកាន់គោលដៅដែលលោកជ្រើសរើស។ ហើយកាលពីពេលថ្មីៗលោក ត្រាំ បានប្រកាសថា ដែនអាកាសរបស់វេណេស៊ុយអេឡា គួរតែត្រូវបានបិទទាំងស្រុង៕
ដោយៈ សរ សុជាតិ