រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសនានានៅក្នុងតំបន់អាស៊ាន ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ជាដើមថា កំពុងលួចជួយបណ្ដាក្រុមហ៊ុននាំចេញរបស់ចិន គេចពន្ធគយបដិការខ្ពស់របស់អាម៉េរិក តាមរយៈការបិទស្លាកក្លែងបន្លំប្រភពដើម នៃផលិតផលសម្រេចទាំងនោះ ហើយបានគំរាមដំឡើងពន្ធ ៤០% បន្ថែមទៀតលើទំនិញ ដែលត្រូវបានរកឃើញថា ជាទំនិញដឹកជញ្ជូនឆ្លងកាត់ ហើយបិទស្លាកក្លែងបន្លំ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ ឡាត់និក (Howard Lutnick) បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាម៉េរិក កាលពីដើមឆ្នាំនេះថា ប្រទេសវៀតណាម បានទិញទំនិញរហូតដល់ទៅ៩០ពាន់លានដុល្លារពីប្រទេសចិន ហើយបន្ទាប់មកបញ្ជូនទំនិញទាំងនោះមកកាន់សហរដ្ឋអាម៉េរិក ដូច្នេះប្រទេសវៀតណាម គ្រាន់តែជាផ្លូវឆ្លងកាត់នៃទំនិញចិន ដឹកមកកាន់សហរដ្ឋអាម៉េរិក តែប៉ុណ្ណោះ។
ទិន្នន័យការិយាល័យគយចិន បានបង្ហាញថា ទំហំទំនិញនាំចេញរបស់ចិន ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ចន្លោះពីខែឧសភា និងខែតុលា ឆ្នាំ២០២៥នេះ បានកើនឡើងខ្លាំងរហូតដល់ទៅជិត ២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញទៅកាន់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន ក៏បានកើនឡើងខ្លាំងដែរ។ ប៉ុន្តែទន្ទឹមនេះ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ជាមួយប្រទេសវៀតណាម និងប្រទេសថៃ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅរដូវក្តៅនេះ៕
ដោយ: តែម សុខុម