ទិន្នន័យគយចិន បានបង្ហាញថា ការនាំចេញផ្លែទុរេនពីវៀតណាម ទៅកាន់ទីផ្សារចិន ក្នុងឆ្នាំ២០២៥ បានហក់ឡើងដល់ជាង៣,៤ពាន់លានដុល្លារអាម៉េរិក ពោលគឺកើនឡើងពីជិត៣ពាន់លានដុល្លារកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់ធំជាងគេបំផុតបែរជាបាត់បង់ចំណែកទីផ្សារជាបណ្តើរៗ ដោយសារតម្លៃនាំចេញសរុបមានសភាពទ្រឹងជិត៤ពាន់លានដុល្លារ ពោលគឺគ្មានការប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
អ្នកវិភាគបាននិយាយថា ភាពជោគជ័យរបស់វៀតណាម បានកើតឡើងដោយសារការសហការជាមួយអាជ្ញាធរចិន ក្នុងការដោះស្រាយភោតគាមអនាម័យ ស្របពេលវៀតណាម មានប្រៀបខាងផ្នែកភស្តុភារកម្មដោយសារមានព្រំដែនគោកជាប់ជាមួយចិន ដែលងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយចំណាយ។
លោក ង្វៀង ថាញ់ ទ្រុង (Nguyen Thanh Trung) អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ ហ្វ៊ូលប្រាយ (Fulbright) បានបញ្ជាក់ថា ក្រុមអ្នកទិញធំៗរបស់ចិន បានចុះមកដល់ចម្ការនៅវៀតណាម ដើម្បីបង្ហាត់បង្ហាញពីបច្ចេកទេសពង្រឹងគុណភាពឱ្យស្របតាមស្តង់ដារទីផ្សាររបស់ពួកគេ។ លោកបានសង្កត់ធ្ងន់ថា វៀតណាមអាចនឹងយកឈ្នះថៃ បានទាំងផ្នែកបរិមាណ និងគុណភាពនាពេលអនាគត។
បច្ចុប្បន្ន ការប្រកួតប្រជែងដើម្បីបំពេញតម្រូវការផ្លែទុរេនដ៏មហាសាលរបស់ចិន កំពុងឡើងកម្តៅខ្លាំងទូទាំងតំបន់អាស៊ីអាគ្នេយ៍។ បើទោះបីជាកម្ពុជា ឡាវ ម៉ាឡេស៊ី និងហ្វីលីពីន កំពុងព្យាយាមនាំចេញផ្លែឈើនេះទៅកាន់ចិនដូចគ្នា ប៉ុន្តែបរិមាណផ្គត់ផ្គង់នៅមានកម្រិតតិចតួចនៅឡើយបើធៀបនឹងវៀតណាម និងថៃ៕
អត្ថបទៈ សួន ឡង់ទី