
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ បានថ្លែងក្នុងកិច្ចប្រជុំនៅទីក្រុងហាណូយ ថា ទោះជាត្រូវហែលឆ្លងបញ្ហាប្រឈមច្រើនយ៉ាងណាក្ដី ក៏រដ្ឋាភិបាលវៀតណាម បន្ដដាក់គោលដៅកំណើនសេដ្ឋកិច្ចពោរពេញដោយមហិច្ឆតាក្នុងរង្វង់ពី៨,២% ទៅ៨,៥% សម្រាប់ឆ្នាំ២០២៥ នេះ ហើយវានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញកំណើនឱ្យឈានដល់១០% ក្នុងរយៈពេល៥ឆ្នាំខាងមុខ គឺឆ្នាំ២០២៦-២០៣០។ យ៉ាងណាមិញ ក្រុមសមាជិកសភានៃប្រទេសវៀតណាម បានអនុម័តគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) យ៉ាងតិច៨%សម្រាប់ឆ្នាំ២០២៥ នេះ។
ដើម្បីឈានទៅសម្រេចគោលដៅកំណើននេះ លោក ផាម មិញ ជិញ បានអះអាងថា វៀតណាមនឹងត្រូវបន្តជំរុញកំណើនក្នុងវិស័យចាស់ៗ រួមមានវិស័យនាំចេញ ការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុកជាដើម ហើយទន្ទឹមនេះ ក៏នឹងជំរុញកំណើនក្នុងវិស័យថ្មីៗរួមមានកំណើនបៃតង និងសេដ្ឋកិច្ចឌីជីថលផងដែរ។
ទោះជាយ៉ាងណានាយករដ្ឋមន្ត្រីរូបនេះទទួលស្គាល់ថា វៀតណាម កំពុងជួបបញ្ហាប្រឈមជាច្រើននៅឡើយដោយសារកត្តាចម្បងមួយចំនួនរួមមានជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ភាពតានតឹងពាណិជ្ជកម្ម ការរអាក់រអួលខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រែប្រួលអាកាសធាតុ។
គួររំឭកថា លោក ដូណាល់ ត្រាំ បានប្រកាសកាលពីដើមខែនេះ ពន្ធគយ៤៦% លើទំនិញវៀតណាម ដែលលោកបានគំរាមដាក់កាលពីខែមសា នឹងត្រូវបញ្ចុះមកនៅត្រឹម២០% ប៉ុន្តែទន្ទឹមនេះ វៀតណាម នឹងប្រឈមពន្ធរហូតដល់៤០% សម្រាប់ទំនិញពីប្រទេសទី៣ ដែលដឹកឆ្លងកាត់ប្រទេសវៀតណាម៕
ដោយ: តែម សុខុម