ចិន បានបង្កើនការនាំចូលទុរេនពីប្រទេសវៀតណាម គួរឱ្យកត់សម្គាល់ ដោយគ្រាន់តែនៅពេញមួយខែកញ្ញា កន្លងទៅ ចិន បានចំណាយថវិការហូតដល់ជិត១ពាន់លានដុល្លារលើការនាំចូលទុរេនពីប្រទេសវៀតណាម មានការកើនឡើងរហូតដល់ទៅ៦៨% បើធៀបនឹងខែសីហា។ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ ចិន បានចំណាយថវិការហូតដល់ជិត២,៦ពាន់លានដុល្លារលើការនាំចូលទុរេនពីប្រទេសវៀតណាម។
ក្រៅពីទីផ្សារចិន ទុរេនវៀតណាម ត្រូវបាននាំចេញទៅកាន់ទីក្រុងហុងកុង កោះតៃវ៉ាន់ ប៉ាពួរញូវហ្គីណេ និងសហរដ្ឋអាម៉េរិកជាដើម តែទីផ្សារទាំងនេះស្រូបទាញទុរេនវៀតណាម តិចតួចប៉ុណ្ណោះ។ ប្រសិនបើសម្ទុះនៃការនាំចេញទុរេននៅតែបន្តកើនឡើង នោះការនាំចេញទុរេនរបស់វៀតណាម ត្រូវបានរំពឹងថានឹងអាចឈានដល់៣,៥ពាន់លានដុល្លារនៅពេញមួយឆ្នាំ២០២៥។
លោក ដាង ភូក ឃ្វៀន (Dang Phuc Nguyen) អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បានអះអាងថា ទុរេនវៀតណាមកំពុងតែបោះជំហានចូលដល់ដំណាក់កាលនៃការប្រកួតប្រជែងគុណភាព និងស្តង់ដាហើយ។ លោកបានអះអាងថា នៅពេលនេះទីផ្សារទុរេនវៀតណាមនៅចិន គឺបានវិលត្រឡប់មករកប្រក្រតីភាពឡើងវិញហើយ ដោយនៅក្នុង១ថ្ងៃទុរេនវៀតណាម មិនក្រោម៤០០ឡាននោះទេត្រូវបាននាំចេញទៅកាន់ទីផ្សារចិន៕
ដោយៈ សរ សុជាតិ