ការិយាល័យស្ថិតិជាតិ វៀតណាម បានបង្ហាញថា ប្រទេសក្បែរខាងកម្ពុជា មួយនេះ ទាក់ទាញគម្រោងវិនិយោគថ្មីៗបានរហូតដល់ទៅជាង៤ពាន់គម្រោងជាមួយទុនវិនិយោគជាង៣៨ពាន់លានដុល្លារនៅពេញមួយឆ្នាំ២០២៥ ក្នុងនោះរោងចក្រផលិតកម្មឧស្សាហកម្មមានជាង៥៦%, អចលនទ្រព្យ២១% និងវិស័យផ្សេងៗប្រមាណ២២%។ វិនិយោគិនបរទេសដែលបានបោះទុនវិនិយោគនៅវៀតណាម រួមមាន សិង្ហបុរី ចិន ហុងកុង ជប៉ុន និងស៊ុយអែតជាដើម។
នេះអាចចាត់ទុកជាជោគជ័យមួយសម្រាប់ប្រទេសវៀតណាម តែទន្ទឹមនឹងនេះ ប្រទេសនេះ កំពុងប្រឈមនឹងបញ្ហាដ៏ធំមួយ គឺកង្វះកម្លាំងពលកម្មជំនាញសម្រាប់បម្រើឱ្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅវៀតណាម។
ជាក់ស្តែងនៅខេត្តបាក់និញ ដែលជាខេត្តមួយក្នុងចំណោមខេត្តដែលទាក់ទាញការវិនិយោគបរទេសបានច្រើនជាងគេ កំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្មជំនាញនៅតាមរោងចក្រកាន់តែខ្លាំង ដែលជំរុញឱ្យរោងចក្រទាំងនោះប្រកាសបង្កើនប្រាក់ឈ្នួល និងប្រាក់រង្វាន់ ដើម្បីស្រូបទាញកម្លាំងពលកម្ម ដែលបញ្ហានេះកំពុងក្លាយជាវិបត្តិនៃការអូសទាញកម្លាំងពលកម្មពីរោងចក្រមួយទៅរោងចក្រមួយ។
លោកស្រី ឃ្វៀន ភួងថាវ (Nguyen Phuong Thao) នាយិកាធនធានមនុស្សនៅក្រុមហ៊ុនមួយក្នុងខេត្តនេះបានអះអាងថា ក្រុមហ៊ុនបានព្យាយាមរកកម្មករបច្ចេកទេសចំនួន១៥០នាក់ ដើម្បីបំពេញផលិតកម្ម ប៉ុន្តែរហូតមកដល់ពេលនេះអាចរកបានត្រឹមតែ៦០នាក់ប៉ុណ្ណោះ ដែលជំរុញឱ្យក្រុមហ៊ុនត្រូវប្រកាសបង្កើនប្រាក់ខែ និងអត្ថប្រយោជនផ្សេងៗ ដើម្បីទាក់ទាញកម្មករ។
ក្រោមយុទ្ធសាស្រ្តទាក់ទាញកម្លាំងពលកម្មបែបនេះមានរោងចក្រឧស្សាហកម្មខ្លះខ្វះបុគ្គលិកដោយសារតែអ្នកជំនាញរត់ចុះរត់ឡើង ព្រោះតែអត្ថប្រយោជន៍បន្ថែមនេះ។ មកដល់ពេលនេះថៅកែរោងចក្រ៤៧% បានត្អូញត្អែរថា ពួកគេពិបាករកកម្មករមានបទពិសោធ ហើយ៤២%ទៀតអះអាងថា ពួកគេខ្វះពលករជំនាញ៕
ដោយៈ សរ សុជាតិ