សារព័ត៌មាន VN Express បានរាយការណ៍កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ថា លោក ដូ ហាណាំ (Đỗ Hà Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បានលើកឡើងថា ដោយសារមើលឃើញថា នៅឆ្នាំ២០២៦ ទីផ្សារអង្ករអាចជួបប្រឈមបញ្ហាច្រើន គួបផ្សំការផ្គត់ផ្គង់កំពុងលើសតម្រូវការសកលលោក ដូច្នេះវៀតណាម ចាំបាច់ត្រូវសិក្សា និងរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តសម្រួលស្ថានភាពឡើងវិញ។
គោលនយោបាយដែលវៀតណាម គ្រោងដាក់ចេញនោះ គឺការកាត់បន្ថយបរិមាណនាំចេញអង្គរ ដោយនៅឆ្នាំ២០២៦ នេះ សមាគមគ្រោងនាំចេញអង្ករត្រឹមតែ៧លានតោនប៉ុណ្ណោះ ហើយនឹងបន្តកាត់បន្ថយរហូតដល់ត្រឹម៤លានតោននៅក្នុងឆ្នាំ២០៣០។ តាមរយៈគោលនយោបាយនេះចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារស្រូវរបស់កម្ពុជា ព្រោះវៀតណាម ជាទីផ្សារនាំចេញស្រូវធំជាងគេរបស់កម្ពុជា។ តែវាក៏អាចផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការពង្រីកការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។
បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ក្រៅពីកាត់បន្ថយបរិមាណនាំចេញ វៀតណាមនឹងពង្រីកឧស្សាហកម្មកៃច្នៃអង្ករទៅជាផលិតផលផ្សេងៗ ហើយការនាំចេញនឹងផ្តោតទៅលើការប្រកួតលើគុណភាព និងតម្លៃ។ បន្ថែមលើនេះវៀតណាម រៀបចំពង្រឹងការស្តុកអង្ករ បង្កើនការស្ទាបស្ទង់ និងសិក្សាលំហូរវដ្តនៃទីផ្សារអង្ករឲ្យបានច្បាស់លាស់បន្ថែមទៀត។
កាលពីឆ្នាំ២០២៤ វៀតណាម នាំចេញអង្ករបាន៩,២លានតោន រកចំណូលបាន៥,៨ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២៥ អាចនាំចេញបានក្រោម៨លានតោនជាមួយចំណូលត្រឹមតែ៤,១ពាន់លានដុល្លារប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ