ជាមួយគម្រោងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាមជ្ឈមណ្ឌលសន្និសីទទ្រង់ទ្រាយធំ និងគំរូទីក្រុងកម្សាន្តស្តង់ដាអន្តរជាតិ វៀតណាម កំពុងដាក់គោលដៅប្រែក្លាយកោះត្រល់ឱ្យក្លាយជាទីក្រុងដ៏ទំនើបមួយនៅក្នុងតំបន់ ដើម្បីទទួលមេដឹកនាំ នៃក្រុមប្រទេសសមាជិក APEC ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរី នាពេលអនាគត។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាគម្រោងយុទ្ធសាស្ត្រ ដែលវៀតណាម ដាក់ចេញ ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស សន្តិសុខ និងប្រតិបត្តិការតាមស្តង់ដា APEC ហើយក៏ដើម្បីប្រែក្លាយកោះនេះឱ្យក្លាយជាទីក្រុងឆ្នេរសមុទ្រដ៏ធំនៅអាស៊ីអាគ្នេយ៍នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។
តាមគម្រោងវៀតណាមនឹងធ្វើទំនើបកម្មអាកាសយានដ្ឋានអន្តរជាតិ កោះភូគុក ដើម្បីបំពេញតាមស្តង់ដា ICAO 4E។ នៅពេលគម្រោងនេះបានបញ្ចប់ អាកាសយានដ្ឋាននេះនឹងមានសមត្ថភាពទទួលយន្តហោះបានធំជាងមុនជាមួយចំណតចំនួន១២០យន្តហោះ និងអាចទទួលអ្នកដំណើរបានរហូតដល់២០លាននាក់ក្នុង១ឆ្នាំ។ បន្ថែមលើនេះ វៀតណាម ក៏គ្រោងសាងសង់បណ្តាញដឹកជញ្ជូនផ្លូវដែក រួមទាំងរថភ្លើងក្រោមដីផងដែរ។
ប្រព័ន្ធភស្តុភាកម្មនៅទីក្រុងដ៏ទំនើបនេះ អាចមានសមត្ថភាពបម្រើសេវាដឹកជញ្ជូនអ្នកដំណើរបានប្រមាណ៤ពាន់៥រយនាក់ក្នុង១ម៉ោង ដែលមានសមត្ថភាពទ្រទ្រង់ចរាចរណ៍អ្នកដំណើរប្រហាក់់ប្រហែលគ្នានឹងប្រព័ន្ធភស្តុភារកម្មនៅទីក្រុងឌូបៃ សិង្ហបុរី និងដូហាដែរ៕
ដោយៈ សរ សុជាតិ