លោក ថាច់ ហ៊្វុក ប៊ិញ (Thach Phuoc Binh) សមាជិកសភាម្នាក់មកពីខេត្តវិញឡុង នៅភាគខាងត្បូង ប្រទេសវៀតណាម បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា ការប្រើប្រាស់មាសរបស់វៀតណាម មានចំនួន៥៥តោន កាលពីឆ្នាំមុន ដោយកើនលើសប្រទេសថៃ ដែលមានចំនួនជិត៥០តោន និងឥណ្ឌូនេស៊ី មានជាង៤៧តោន។
ក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងថា វាជាឆ្នាំទី៣ជាប់ៗគ្នាហើយ ដែលអ្នកប្រើប្រាស់នៅវៀតណាម បានទិញមាសលើសពី៥៥តោន ក្នុងនោះ មានទាំងគ្រឿងអលង្ការ ដុំមាស និងកាក់មាសផងដែរ ប៉ុន្តែលោក ប៊ិញ បាននិយាយថា មាសភាគច្រើននៅតែស្ថិតនៅក្នុងទូដែករបស់ប្រជាជន ដែលពួកគេមិនបានប្តូរឱ្យទៅជាដើមទុន ដើម្បីផ្តល់មូលនិធិដល់ការពង្រីកសេដ្ឋកិច្ច។
តម្លៃមាសនៅវៀតណាម ជាធម្មតាថ្លៃជាងប្រទេស ឬកន្លែងផ្សេងទៀតដោយពេលខ្លះគម្លាតនៃតម្លៃមាសនេះមានភាពខុសគ្នារហូតដល់៧៦០ដុល្លារអាម៉េរិក ក្នុង១តម្លឹង។ កត្តាដែលធ្វើឱ្យតម្លៃមាសនៅវៀតណាម មានគម្លាតឆ្ងាយពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិ គឺដោយសារកង្វះទីផ្សារមាសដែលមានតម្លាភាព ទំនើប និងមានសុវត្ថិភាពសម្រាប់វិនិយោគិន។
ពាក់ព័ន្ធបញ្ហានេះ លោក ប៊ិញ បានស្នើឱ្យបង្កើតផ្សារហ៊ុនមាសថ្នាក់ជាតិមួយ ដែលប្រជាជនអាចដាក់មាសក្នុងទូដែក និងទទួលបានវិញ្ញាបនបត្រអេឡិចត្រូនិកសម្រាប់ពួកគេដែលអាចជួញដូរបាន។ លោកជឿជាក់ថា ប្រសិនបើវៀតណាម អាចយកមាសពី១០ ទៅ១៥% ដែលត្រូវបានទុកចោលឱ្យចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ វានឹងក្លាយជាប្រភពមូលនិធិដ៏មានតម្លៃមួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងជួយកាត់បន្ថយការបង្កើនបំណុលសាធារណៈផងដែរ៕
ដោយ៖ សុខ មង្គល