
ចាប់តាំងពីដើមឆ្នាំរហូតទល់ពេលនេះ វៀតណាម ស្រូបទាញភ្ញៀវទេសចរបរទេសបានជិត១៤លាននាក់ ក្នុងនោះភ្ញៀវទេសចរចិន មានចំនួន៣,៥លាននាក់ ដោយជួយឱ្យវៀតណាម វ៉ាដាច់ប្រទេសថៃ ក្លាយជាគោលដៅទេសចរណ៍កំពូលនៅក្នុងតំបន់សម្រាប់ភ្ញៀវទេសចរចិន។ ប្រជាជនចិន ងាកមកចាប់អារម្មណ៍គោលដៅទេសចរណ៍នៅវៀតណាម កាន់តែច្រើន ចំពេលមានការព្រួយបារម្ភចំពោះសុវត្ថិភាពនៅប្រទេសថៃ។
កំណើនភ្ញៀវទេសចរចិន នៅវៀតណាមនេះ កើតចេញពីការកែទម្រង់ឧស្សាហកម្មទេសចរណ៍ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់វៀតណាម ហើយការរីកចម្រើននេះ បានបង្ហាញអំពីការរបូតចំណូលប្រមាណ៣,៥ពាន់លានដុល្លាររបស់ថៃ ទៅក្នុងដៃវៀតណាម។ នេះបើតាមក្រុមហ៊ុន China Trading Desk ដែលជាអ្នកតាមដានការធ្វើដំណើរ និងការចំណាយកាតឥណទានរបស់ចិន។
ភ្ញៀវទេសចរចិន បានងាកចេញពីប្រទេសថៃ កាន់តែច្រើនឡើង ដោយសារពួកគេមានការព្រួយបារម្ភពីសុវត្ថិភាព ក្រោយកើតមានការចាប់ជំរិតតារាចិន ដ៏ល្បីមួយរូបកាលពីខែមករា ដើមឆ្នាំនេះ ដែលធ្វើឱ្យចំនួនប្រជាជនចិន ទៅលែងថៃ ធ្លាក់ចុះប្រហែល៣៥% នៅឆ្នាំនេះ៕
ដោយ៖ សុខ មង្គល