
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ បានដាក់ចេញផែនការសកម្មភាពមួយដើម្បីអភិវឌ្ឍ និងដាក់ដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅទីក្រុងហូជីមិញ និងទីក្រុងដាណាង នៅចុងឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃការទាក់ទាញធនធានហិរញ្ញវត្ថុរយៈពេលមធ្យម និងវែង ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ក្រៅពីនេះ រដ្ឋាភិបាលវៀតណាម ក៏មានបំណងបំពេញក្របខណ្ឌច្បាប់សម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុ IFC ដោយធានាបាននូវភាពសុខដុម តម្លាភាព ការសម្របសម្រួលជាប្រព័ន្ធ និងគោលនយោបាយពិសេស ដើម្បីទាក់ទាញមូលធន បច្ចេកវិទ្យា វិធីសាស្ត្រគ្រប់គ្រងទំនើប ធនធានមនុស្សគុណភាពខ្ពស់ ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនអន្តរជាតិធំៗ។
ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសំខាន់ៗប្រកបដោយភាពសុខដុមរមនាដូចជាការដឹកជញ្ជូន ទូរគមនាគមន៍ និងភស្តុភារជាដើម នឹងត្រូវបង្កើតឡើងនៅក្នុងទីក្រុងទាំងពីរនេះ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មជ្ឈមណ្ឌល IFC។ នៅចុងឆ្នាំ២០២៥ រដ្ឋាភិបាលរំពឹងថា នឹងបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដោយធានាបាននូវការតភ្ជាប់ដោយរលូនផងដែរ។
នៅក្រោមផែនការនេះ គណៈកម្មាធិការដឹកនាំបានកំណត់គោលដៅលើការអភិវឌ្ឍប្រព័ន្ធអេកូហិរញ្ញវត្ថុទំនើបដែលលើកកម្ពស់ទីផ្សារកំពុងរីកចម្រើនដូចជាការផ្លាស់ប្តូរទំនិញ និងកាបូន ជំរុញសេវាកម្មហិរញ្ញវត្ថុបច្ចេកវិទ្យាទំនើបដូចជាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារឌីជីថល និងបណ្តុះសេវាកម្មគាំទ្រស្តង់ដាអន្តរជាតិ ក្នុងវិស័យច្បាប់ សវនកម្ម និងបច្ចេកវិទ្យា៕
ដោយ៖ សុខ មង្គល