យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងហិរញ្ញវត្ថុវៀតណាម បានបង្ហើបថា ខ្លួនកំពុងប្រញាប់ប្រញាល់រៀបចំព្រាងអនុក្រឹត្យថ្មីមួយ ដើម្បីកាត់បន្ថយពន្ធនាំចូលលើប្រភេទប្រេងឥន្ធនៈឱ្យមកនៅត្រឹម០%។ វិធានការនេះត្រូវបានគេមើលឃើញថា ជាខែលការពារសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញ និងធានាសន្តិសុខថាមពល។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា រដ្ឋាភិបាលវៀតណាម បានព្រមានចំៗថា ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ ហើយច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចប្រេងពិភពលោកនៅតែបន្តរងការបិទខ្ទប់នោះ ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារអន្តរជាតិនឹងធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ដែលអាចរុញតម្លៃឱ្យហក់ឡើងខ្ពស់កប់ពពកលើសពីការរំពឹងទុក។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP តម្លៃប្រេងនៅក្នុងប្រទេសវៀតណាម បានហក់ឡើងយ៉ាងគំហុកភ្លាមៗ បន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីសប្តាហ៍មុន។ ស្ថានភាពដ៏តានតឹងនេះបានបង្ខំឱ្យរដ្ឋាភិបាលទីក្រុងហាណូយ ត្រូវចេញវិធានការអន្តរាគមន៍ផ្នែកពន្ធជាបន្ទាន់ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងវិស័យផលិតកម្មនៅក្នុងប្រទេស៕
អត្ថបទៈ សួន ឡង់ទី