សារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា កិច្ចព្រមព្រៀងបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែលើកដំបូងនៅវៀតណាម ត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងពេលនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ (Pham Minh Chinh) បំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ចន្លោះពីថ្ងៃទី២៣-២៥ ខែមីនា។ តែយ៉ាងណាកិច្ចព្រមព្រៀងនេះមិនបានបញ្ជាក់ពីពេលវេលានៃការសាងសង់រោងចក្រនេះនៅឡើយទេ។
ទោះជាយ៉ាងណា វៀតណាម ជំរុញឱ្យរុស្ស៊ីជួយពន្លឿនការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែខាងលើ ដោយរំពឹងថា នឹងអាចបើកដំណើរការយ៉ាងយូរបំផុតត្រឹមចុងឆ្នាំ២០៣១។ គម្រោងនេះ នឹងបំពាក់នូវម៉ាស៊ីនរ៉េអាក់ទ័រ បច្ចេកវិទ្យារុស្ស៊ីចំនួន២គ្រឿង ដែលមានសមត្ថភាពផលិតថាមពលសរុបប្រមាន២,៤០០មេហ្គាវ៉ាត់។
ក្រៅពីកិច្ចសហប្រតិបត្តិការលើការបង្កើតរោងចក្រអគ្គិសនីខាងលើ ក្រុមហ៊ុន Novatek ដែលជាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់រុស្ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ដើម្បីផ្គត់ផ្គង់ហ្គាសដល់វៀតណាមផងដែរ។
ប្រទេសទាំងពីរមិនត្រឹមតែផ្តោតលើថាមពលនុយក្លេអ៊ែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត និងថាមពលកកើតឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់វៀតណាមផងដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស