
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ហាវ ប៊ិញ (Nguyen Hoa Binh) បានលើកឡើងនៅក្នុងសមាជមួយដ៏គួរឱ្យភ្ញាក់ផ្អើលថា រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅជំរុញកំណើន GDP ឱ្យបានយ៉ាងតិច១០% ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៦-២០៣០ ជាមួយការរំពឹងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះ លោក ហាវប៊ិញ រំពឹងថា នៅពេលនោះប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗនៅវៀតណាមនឹងកើនឡើងដល់ប្រមាណ៨,៥០០ដុល្លារ ហើយវៀតណាម នឹងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង៣០ នៅលើពិភពលោក។
ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម ត្រូវបានរំពឹងថា នឹងកើនឡើងដល់៥១០ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដោយធ្វើឱ្យវៀតណាម ជាប់ចំណាត់ថ្នាក់ទី៣២ នៅទូទាំងពិភពលោកដោយបានឡើងចំណាត់ថ្នាក់៥លេខ បើធៀបនឹង៥ឆ្នាំមុន។
ប្រាក់ចំណូលក្នុងមនុស្សម្នាក់នៅវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៥ពាន់ដុល្លារនៅចុងឆ្នាំនេះ ដោយកាលពីឆ្នាំ២០២០ បានកើនឡើងដល់ជិត៤ពាន់ដុល្លារ រីឯកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី៨% នៅឆ្នាំនេះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនពីរខ្ទង់នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត៕
ដោយ៖ សុខ មង្គល