ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ឱ្យដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណង ពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម ដោយសន្យាទិញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ សម្រាប់ការអនុវត្តរយៈពេល៥ឆ្នាំ។ ជាក់ស្តែងសម្រាប់ឆ្នាំដំបូងនេះ ក្រុមហ៊ុនប្រមូលទិញដំទ្បូងមីរបស់វៀតណាមចំនួន៤ បានចុះកិច្ចសន្យាទិញដំឡូងមីស្រស់ពីកម្ពុជាចំនួនជាង៣,៦លានតោនក្នុង១ឆ្នាំរួចហើយ និងគ្រោងចុះកិច្ចសន្យាទិញលក់ឱ្យគ្រប់ចំនួន៩លានតោន ជាមួយក្រុមហ៊ុនវៀតណាមផ្សេងៗទៀតនៅខែវិច្ឆិកា ខាងមុខនេះ។ ជុំវិញផែនការនាំចេញដំឡូងមីស្រស់កម្ពុជាទៅវៀតណាមប្រមាណជាង៩លានតោនក្នុង១ឆ្នាំនេះ ឯកឧត្តម វ៉ា រុតសាន បានវាយតម្លៃថា កម្ពុជាមានសម្ថភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្កង់ ដ្បិតកម្ពុជាមានសមត្ថភាពផលិតដំឡូងមីបានប្រមាណជាង១៤លានតោនក្នុង១ឆ្នាំៗ។
ជាមួយគ្នានេះ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានគូសបញ្ជាក់ថា ក្រៅពីកិច្ចសហការលើការប្រមូលទិញដំឡូងមីពីកម្ពុជា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាមនេះ ក៏នឹងជួយពង្រឹងដល់ការផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើផលិតកម្មដំឡូងមីឱ្យស្របតាមស្តង់ដាគុណភាពរបស់អ្នកបញ្ជាទិញ ដើម្បីឱ្យកសិករកម្ពុជាទទួលបានទិន្នផលខ្ពស់ និងលក់បានក្នុងតម្លៃប្រសើរជាងមុន ពោលគឺនឹងជួយជំរុញឱ្យតម្លៃដំឡូងមីកម្ពុជានឹងកើនឡើងចន្លោះពី៧% ទៅ១០% តាមរយៈកិច្ចសហការនេះ។ បើតាមប្រធានសហព័ន្ធដំឡូងមីរូបនេះ ការធ្លាក់ចុះតម្លៃដំឡូងមីនៅកម្ពុជានៅមួយរយៈចុងក្រោយនេះ គឺត្រូវបានជំរុញដោយកត្តាមួយចំនួនដូចជាដំឡូងមីមិនសូវមានកម្រិតគុណភាពម្សៅខ្ពស់ គួបផ្សំការប្រព្រឹត្តមិនស្មោះត្រង់មួយចំនួនដោយនាំចេញដំឡូងមី ដែលមានលាយឡំជាមួយដីច្រើន ដែលធ្វើឱ្យឈ្មួញវៀតណាមទម្លាក់តម្លៃទាប។ បច្ចុប្បន្នតម្លៃដំឡូងមីកម្ពុជាអាចលក់បានក្នុងតម្លៃប្រមាណ២០០រៀលទៅ២៨០រៀលក្នុង១គីឡូក្រាម។
បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់វិស័យដំឡូងមីកម្ពុជា ដូចជាតាមរយៈការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម និងអនុវត្តតាមគោលការណ៍បច្ចេកទេស ដែលកសិករអាចទទួលបានប្រាក់ចំណូលក្នុងបរិបទ ដែលថ្លៃដំឡូងមីប្រែប្រួល ការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព និងកសិកម្មវៃឆ្លាត ដែលធន់នឹងការប្រែប្រួលអាកាសធាតុ, គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីដែលមានសក្តានុពល និងទាក់ទាញវិនិយោគ ដំឡូងមី ដែលមានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារនានា ដើម្បីកែច្នៃផលិតផល និងលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មកម្ពុជា តាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ កែលម្អ កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយ ដែលមិនចាំបាច់ និងផ្សារភ្ជាប់នឹងអន្តរវិស័យ ដែលពាក់ព័ន្ធ ក្នុងការនាំចេញ៕
អត្ថបទ សោម ស្រីពេជ្រ