វិស័យពាណិជ្ជកម្ម

វៀតណាម ចុះកិច្ចព្រមព្រៀងទិញទំនិញពីអាម៉េរិក តម្លៃ៣ពាន់លានដុល្លារ មុនការចរចាពន្ធជុំថ្មីមកដល់


វៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជា បានបង្កើនការនាំចូលទំនិញពីអាម៉េរិក មានតម្លៃរហូតដល់៣ពាន់លានដុល្លារ ដើម្បីផ្គាប់ចិត្តអាម៉េរិក មុនការចរចាពន្ធបដិការជុំទី៣ជាមួយមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកមួយនេះនៅសប្តាហ៍នេះ។ ការបង្កើនការទិញទំនិញពីអាម៉េរិករបស់វៀតណាមនេះ កើតឡើងក្រោយប្រទេសនេះ បរាជ័យក្នុងការចរចាពន្ធពីរជុំកន្លងមក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា អនុស្សរណៈនៃការយោគយល់គ្នាចំនួន២០ ដែលមានតម្លៃសរុបរហូតដល់៣ពាន់លានដុល្លារត្រូវបានចុះហត្ថលេខាក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក ដូ ដាច់ ហ្សួយ (Do Duc Duy) ជាមួយមន្ត្រីអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក ពីថ្ងៃទី២-៦ ខែមិថុនា។

កិច្ចព្រមព្រៀងដើម្បីទិញផលិតផលអាម៉េរិកទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈដ៏រឹងមាំរបស់សហគមន៍ធុរកិច្ច និងរដ្ឋាភិបាលវៀតណាម ក្នុងការលើកកម្ពស់ពាណិជ្ជកម្មប្រកប​ដោយតុល្យភាពជាមួយអាម៉េរិក ដើម្បីលើកទឹកចិត្តឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ពិចារណាឡើងវិញអំពីពន្ធបដិការខ្ពស់លើទំនិញវៀតណាម។

វៀតណាម បានចរចាពន្ធដ៏ហ្មត់ចត់ជាច្រើនសប្តាហ៍មកហើយជាមួយសហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះ ខណៈប្រទេសនេះបានព្យាយាមបញ្ចៀសការគំរាមកំហែងពន្ធចំនួន៤៦% ដែលក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម១០% សម្រាប់រយៈពេល៩០ថ្ងៃ ដើម្បីទុកពេលសម្រាប់កិច្ចចរចាពន្ធនេះ។

ការបង្ហាញឆន្ទៈរបស់វៀតណាមនេះ បានធ្វើឡើងក្រោយលោក ត្រាំ បានប្តេជ្ញាបន្តដាក់សម្ពាធប្រទេសអាស៊ីអាគ្នេយ៍មួយនេះឱ្យកាត់បន្ថយតួនាទី​របស់ខ្លួនក្នុងខ្សែ​ច្រវាក់​ផ្គត់ផ្គង់​របស់ចិន និងបានកើតឡើងមុនពេលវៀតណាម គ្រោងនឹងមានជុំទីបីនៃការចរចាពន្ធគយជាមួយនឹងអាម៉េរិក នៅសប្ដាហ៍នេះ។

វៀតណាម បានលើកឡើងពីវឌ្ឍនភាពមួយចំនួនបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មជុំទីពីរកាលពីខែមុន ប៉ុន្តែវានៅតែមានបញ្ហាមួយចំនួន ខណៈវៀតណាម បានចាត់វិធានការដើម្បីដោះស្រាយកង្វល់មួយចំនួនរបស់អាម៉េរិក ដូចជាការបង្កើនការបង្ក្រាបលើការក្លែងបន្លំពាណិជ្ជកម្ម និងការសន្យាទិញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើការប្រើប្រាស់ជីថ្នាំគីមីក្នុងវិស័យកសិកម្មនៅកម្ពុជា មានស្ថានភាពយ៉ាងណាដែរ?

ការប្រើប្រាស់ជីគីមីនៅក្នុងវិស័យកសិកម្មប៉ុន្មានឆ្នាំចុងក្រោយ ត្រូវបានគេសង្កេតឃើញមាននិន្នាការកើនឡើង ខណៈការប្រកួតប្រជែងលើការលក់ជីថ្នាំ ក៏កំព…

លោក ដូណាល់ ត្រាំ និយាយថា សេចក្ដីសម្រេចលើជោគវាសនារបស់ប្រធានធនាគារកណ្ដាលអាម៉េរិក នឹងធ្វើឡើងឆាប់ៗនេះ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា ថា សេចក្ដីសម្រេចចិត្តលើជោគវាសនារបស់ប្រធានធនាគារកណ្តាលអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ