បច្ចេកវិទ្យា AI

វៀតណាមនឹងដាក់មេរៀនបច្ចេកវិទ្យា AI ក្នុងកម្មវិធីសិក្សាចាប់ពីកម្រិតបឋមដល់វិទ្យាល័យ


វិស័យអប់រំរបស់វៀតណាម បានបោះទៅមុខមួយជំហានទៀតហើយ ដោយក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះនឹងដាក់មេរៀនពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅចាប់ពីថ្នាក់បឋមរហូតដល់វិទ្យាល័យសាកល្បងចាប់ពីខែធ្នូ នេះតទៅរហូតដល់ពាក់កណ្ដាលឆ្នាំ២០២៦។ បន្ទាប់មកក្រសួងនេះនឹងវាយតម្លៃពីលទ្ធផល មុននឹងសម្រេចបង្កើតក្របខណ្ឌសម្រាប់ការសិក្សាពេញលេញនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
បច្ចេកវិទ្យា AI
ដោយ

យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំ​ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា ការដាក់មេរៀនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឱ្យសិស្សសិក្សាសាកល្បងនេះ នឹងដំណើរការពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ នៅតាមសាលារៀន ដែលបានជ្រើសរើសមួយចំនួន។ បន្ទាប់មកក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់វៀតណាមនឹងពិនិត្យ និងវាយតម្លៃពីលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងនេះ មុនឈានទៅដាក់ឱ្យអនុវត្តជាផ្លូវការនាពេលខាងមុខ។

ក្របខណ្ឌអប់រំលើបច្ចេកវិទ្យា AI នឹងផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស ក្រមសីលធម៌ AI បច្ចេកទេស និងកម្មវិធី AI និងការរចនាប្រព័ន្ធ AI។ ខ្លឹមសារមេរៀនបច្ចេកវិទ្យា AI នេះនឹងរៀបចំឡើងស្របតាមអាយុ និងការអភិវឌ្ឍការយល់ដឹងរបស់សិស្សចាប់ពីកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ការបង្រៀនពី AI នៅកម្រិតបឋមនឹងធ្វើឡើងតាមរយៈការបង្ហាញរូបភាព និងសំឡេងក្នុងការបង្កើនចំណេះដឹង រីឯនៅកម្រិតអនុវិទ្យាល័យនឹងរៀនអំពីគោលគំនិតជាមូលដ្ឋានដូចជាទិន្នន័យ និងក្បួនដោះស្រាយ អនុវត្តការប្រើប្រាស់ AI ដើម្បីគាំទ្រកិច្ចការសិក្សា និងកំណត់ហានិភ័យ និងភាពលម្អៀងដែលអាចកើតមានជាយថាហេតុ។

ចំណែកនៅកម្រិតវិទ្យាល័យ សិស្សនឹងរៀនអំពីការរចនាប្រព័ន្ធ AI សាមញ្ញៗ អភិវឌ្ឍន៍ជំនាញដោះស្រាយបញ្ហាកម្រិតខ្ពស់ និងស្វែងយល់អំពីអាជីពក្នុងបច្ចេកវិទ្យា AI។ ក្រសួងអប់រំវៀតណាម បានសង្កត់ធ្ងន់ថា ការដាក់បញ្ចូល AI នឹងមិនធ្វើឱ្យកម្មវិធីសិក្សាបច្ចុប្បន្នលើសកម្រិតនោះទេ។

អ្នកជំនាញយល់ឃើញថា ការបង្កើតកម្មវិធីសិក្សា AI នៅកម្រិតបឋមសិក្សាវាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់វៀតណាម ក្នុងការឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ប៉ុន្តែអនុវត្តឱ្យបានត្រឹមត្រូវ និងមានការប្រយ័ត្នប្រយែងខ្ពស់៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន កំពុងព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភរបស់វិនិយោគិនជប៉ុន ដែលកំពុងវិនិយោគនៅប្រទេសខ្លួន

ស្ថានភាពជម្លោះការទូតរវាងមហាអំណាចអាស៊ីទាំងពីរ ចិន និងជប៉ុន នៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ បើទោះបីលោក ដូណាល់ ត្រាំ បានចូលខ្លួនមកជួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ