
ក្រោយរកឃើញករណីនេះ អាជ្ញាធរវៀតណាម បានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យប្រេងឆាទូទាំងប្រទេស ដើម្បីធានាថា ប្រេងឆាដែលបានដាក់លក់នៅលើទីផ្សារមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យលើប្រេងឆាទូទាំងប្រទេស ក្រោយរកឃើញក្រុមហ៊ុនមួយយកប្រេងសម្រាប់ផលិតចំណីសត្វយកមកច្រកបន្លំធ្វើជាប្រេងឆាសម្រាប់ចម្អិនចំណីអាហារក្រោមឈ្មោះ OFOOD ចែកចាយលក់នៅលើទីផ្សារយ៉ាងទូលំទូលាយទូទាំងប្រទេស ដែលជាការគំរាមកំហែងសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសក្បែរខាងកម្ពុជា មួយនេះ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ការស៊ើបអង្កេតរបស់អាជ្ញាធរវៀតណាម បានរកឃើញថា ប្រេងឆាចម្អិនអាហារក្លែងក្លាយរាប់ម៉ឺនតោនបានចែកចាយជាចម្បងទៅកាន់ភោជនីយដ្ឋាន ឧស្សាហកម្មអាហារ និង ទីផ្សារនានា យ៉ាងទូលំទូលាយទូទាំងប្រទេសវៀតណាម ខណៈប្រេងឆាប្រភេទនេះមិនបំពេញតាមស្តង់ដាសុវត្ថិភាពចំណីអាហារ និងអនាម័យ និងខ្វះអាហារូបត្ថម្ភសម្រាប់ការប្រើប្រាស់របស់មនុស្ស។
ការសិក្សាបានរកឃើញថា ការបរិភោគប្រេងឆាក្លែងក្លាយនេះ អាចបង្កជាជំងឺជាច្រើនដូចជាបង្កើនជាតិពុលក្នុងខ្លួន ខូចសរីរាង្គ និងបង្កជាជំងឺរ៉ាំរ៉ៃជាច្រើនទៀត។ ការសិក្សាស្រាវជ្រាវក៏បានរកឃើញដែរថា ការទទួលទានអាហារដែលមិនមានសុវត្ថិភាពត្រឹមត្រូវ ក្រៅពីរាករូស ឬពុល វាក៏អាចបង្កហានិភ័យដល់សុខភាពរយៈពេលវែងដូចជាការខូចថ្លើម និងតម្រងនោម និងបញ្ហាប្រព័ន្ធបន្តពូជជាដើម។
គួររំលឹកថា កាលពីខែមេសា កន្លងទៅនេះ ប្រេងឆាជាង៧ម៉ឺន១ពាន់លីត្រ និងសារធាតុហាមឃាត់ប្រមាណ៤០តោនផ្សេងទៀតត្រូវបានអាជ្ញាធរវៀតណាម រឹបអូសនៅទីក្រុងមួយរបស់វៀតណាម។ គួរបញ្ជាក់ថា មកដល់ពេលនេះទីផ្សារប្រេងឆារបស់វៀតណាម មានប្រមាណ១,៥លានតោន ដែលមានតម្លៃសរុបជាង១ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ