ផ្អែកតាមទិន្នន័យរបស់វិទ្យាស្ថាន SIPRI ចាប់ពីឆ្នាំ១៩៩៥ ដល់២០២៤ វៀតណាម បាននាំចូលអាវុធក្នុងតម្លៃ ៩,៣ទ្រី លានដុល្លារ ដោយនាំចូលអាវុធពីរុស្ស៊ីមានតម្លៃជាង៧,៥ទ្រីលានដុល្លារ ប្រហែល៨១ភាគរយនៃការនាំចូលអាវុធសរុបរបស់វៀតណាម។ បច្ចុប្បន្ននេះវៀតណាមស្ថិតក្នុងលំដាប់លេខរៀងទី២១ ជាប្រទេសនាំចូលអាវុធធំជាងគេទូទាំងពិភពលោក និងជាប្រទេសធំជាងគេទី៣ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី និង ឥណ្ឌូនេស៊ី។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ ctech.com កិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិវៀតណាម និងក្រុមហ៊ុន Rafael មិនត្រឹមតែជាការទិញលក់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការផ្ទេរចំណេះដឹងបច្ចេកទេស ដើម្បីបង្កើតរោងចក្រផលិតមីស៊ីលនៅក្នុងប្រទេសវៀតណាម ទៀតផង។ រោងចក្រនេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុកមួយ ក្រោមអាជ្ញាបណ្ណផ្លូវការពីក្រុមហ៊ុនអ៊ីស្រាអែល។
តាមរបាយការណ៍ព័ត៌មានផ្នែកការពារជាតិ និងចារកម្មរបស់គេហទំព័ររបស់បារាំង បានឱ្យដឹងថា កងទ័ពវៀតណាមនឹងទទួលបានប្រព័ន្ធមីស៊ីល Spike ជំនាន់ថ្មីបំផុតមួយ គឺ Firefly។ ប្រព័ន្ធនេះ គឺជាមីស៊ីលដ្រូនបែបបណ្ដែតខ្លួនខាងយុទ្ធវិធី ដែលរចនាឡើងសម្រាប់កងទ័ពជើងគោកប្រើប្រាស់ ជាពិសេសនៅក្នុងសមរភូមិក្នុងទីក្រុង និងអាចវាយប្រហារគោលដៅបានក្នុងចម្ងាយ ឆ្ងាយរហូតដល់៤០គីឡូម៉ែត្រ។
Firefly ដំណើរការដូចមីស៊ីលដ្រូន ដែលអាចហោះបណ្តែតខ្លួនលើអាកាសដើម្បីស្វែងរកគោលដៅ និងវាយប្រហារតាមការបញ្ជារបស់អ្នកដែលគ្រប់គ្រងវា។ កងទ័ពអ៊ីស្រាអែលបានប្រើប្រាស់មីស៊ីលប្រភេទនេះ ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ក្រោយព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា 2025។
ក្រៅពីមីស៊ីល វៀតណាម ក៏បានពង្រឹងសមត្ថភាពស៊ើបការណ៍ផងដែរ ដោយកាលពីឆ្នាំមុនប្រទេសក្បែរខាងកម្ពុជា មួយនេះ បានបញ្ជាទិញផ្កាយរណបស៊ើបការណ៍ចំនួន២ពីក្រុមហ៊ុនឧស្សាហកម្មអវកាសអ៊ីស្រាអែល IAI ក្នុងតម្លៃប្រមាណ ៧០០លានដុល្លារ ដែលរួមបញ្ចូលទាំងថ្លៃចំណាយក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់លំហអវកាសផងដែរ។ ផ្កាយរណបទាំងនេះត្រូវបានរំពឹងថា នឹងត្រូវបានប្រគល់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕
អត្ថបទៈ សួន ឡង់ទី