
របាយការណ៍បច្ចុប្បន្នភាពប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់ធនាគារពិភពលោកបានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងថយចុះមកនៅត្រឹ ៦,៦% នៅឆ្នាំ២០២៥ និង៦,១% នៅឆ្នាំ២០២៦ នៅពេលដែលពាណិជ្ជកម្មពិភពលោកដែលកាន់តែចុះខ្សោយជះផលប៉ះពាល់ដល់ការនាំចេញ។
ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម សម្រេចបានកំណើន ៧,៥% នៅឆមាសទី១ ឆ្នាំ២០២៥ ដោយសារការនាំចេញកើនឡើងខ្លាំង ខណៈក្រុមហ៊ុននានា នៅបរទេសបានប្រញាប់ប្រញាល់បញ្ជាទិញ ស្របពេលពាណិជ្ជកម្មពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា។ ទិន្នន័យបង្ហាញថា ការវិនិយោគនៅវៀតណាម សម្រេចបានកំណើន៨% ដោយសាររំហូរទុនវិនិយោគពីបរទេសមានស្ថិរភាព និងការពន្លឿនការចំណាយរបស់រដ្ឋាភិបាលលើរឿងសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការថែទាំសុខភាព និងគម្រោងអភិវឌ្ឍន៍នានា ខណៈដែលតម្រូវការប្រើប្រាស់បានកើនឡើង៨% ដោយសារការស្ទុះងើបឡើងនៃវិស័យទេសចរណ៍។
ការនាំចេញរបស់វៀតណាម បានកើនឡើង១៤,២% ក្រោយមានកំណើនខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក។ ធនាគារពិភពលោកព្យាករថា កំណើននាំចេញរបស់វៀតណាម នឹងថមថយនៅចុងឆ្នាំ២០២៥ នេះ។ ទន្ទឹមនេះ វៀតណាម គ្រោងនឹងចំណាយរហូតដល់ទៅ៤៦៨ពាន់លានដុល្លារអាម៉េរិក ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥ សម្រាប់ការអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ៕
ដោយ: តែម សុខុម