តាមការគ្រោងទុករបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ការដ្ឋាននឹងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំនេះ ហើយរោងចក្រនឹងចាប់ផ្ដើមដំណើរការផលិតក្នុងពេលឆាប់ៗបន្ទាប់ពីបញ្ចប់ការងារសាងសង់រួច។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកបង្កើតការងារថ្មីជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ និងលើកស្ទួយវិស័យផលិតម្ហូបអាហារក្នុងស្រុកឲ្យកាន់តែរីកចម្រើន។
ផលិតផលដែលរោងចក្រ វិរ: ប៊ុនថាំ ហ្វ៊ូដ នឹងផលិតឡើង រួមមាន ប្រេងឆា មី ត្រីខ ទឹកប្រេងខ្យង ម្សៅស៊ុប ប៊ីចេង ទឹកម្ទេស កាហ្វេ និងគ្រឿងទេសផ្សេងៗទៀត។
អ្នកឧកញ៉ាបណ្ឌិត ស៊ួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានអះអាងថា ការវិនិយោគលើរោងចក្រនេះ បង្ហាញពីការជឿជាក់លើសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់ និងការប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ផលិតផលមានគុណភាព សុវត្ថិភាព និងស្តង់ដារខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។
បើតាមថ្នាក់ដឹកនាំរូបនេះ ក្រៅពីដំណើរការផលិតផ្ទាល់ខ្លួន ក្រុមហ៊ុន ក៏គ្រោងសហការជាមួយសហគ្រាស SME ផ្សេងទៀត ដោយផ្តល់ទាំងការគាំទ្រទុន និងបច្ចេកទេស ដើម្បីឱ្យពួកគេអាចចូលរួមផលិតនៅក្នុងរោងចក្រខ្លួនផងដែរ។
ថ្នាក់ដឹកនាំរូបនេះ ជឿជាក់ថា ក្រោយផលិតផល វីរ:ប៊ុនថាំ ហ្វូត ដាក់ចេញលក់នៅលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ នឹងអាចប្រកួតប្រជែងទាំងតម្លៃ និងគុណភាពជាមួយនឹងផលិតផលនាំចូល។ ការអះអាងបែបនេះ ក៏ដោយសារវត្ថុធាតុដើម ដែលបម្រើក្នុងខ្សែច្រវាក់ផលិតកម្មនេះភាគច្រើនសុទ្ធសឹងជាផលិតផលដែលមាននៅក្នុងស្រុក ដែលវានឹងជួយជំរុញដល់លំហូរសាច់ប្រាក់នៅក្នុងប្រទេសកាន់តែរីកចម្រើន៕