ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា កម្ពុជាកំពុងប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ដើម្បីជំរុញកំណើន និងរក្សាភាពប្រកួតប្រជែងក្នុងតំបន់ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត និងបត់បែនតាមសភាពការណ៍។ ឯកឧត្តម បានចាត់ទុកការចាប់ខ្លួនលោក ចេន ហ្ស៊ី ដែលជាមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន គឺជាអំណោយដ៏ធំសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ហើយតាមរយៈវិធានការទាំងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានៅឆ្នាំនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកំណើនភ្ញៀវទេសចរជនជាតិចិនតែម្តង។ ឯកឧត្តម ជឿជាក់ថា ប្រសិនបើការអនុវត្តវិធានការទាំងនេះទទួលបានលទ្ធផលល្អ នោះរាជរដ្ឋាភិបាលអាចពិចារណាលើការកែសម្រួល ឬលើកលែងលក្ខខណ្ឌណាមួយបន្ថែមទៀត។
មិនខុសគ្នានោះទេលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ជឿជាក់ថា កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរបរទេសចូលមកកម្សាន្តកាន់តែច្រើនថែមទៀតនៅឆ្នាំនេះ ពិសេសជនជាតិចិនតែម្តង ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន។ បន្ថែមលើនេះ លោកជឿជាក់ថា តាមរយៈយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាពិសេសការចាប់ខ្លួនលោក ចេន ហ្ស៊ី ដែលត្រូវបានចិនចោទប្រកាន់ពីបទធ្វើជាមេខ្លោងដំណើរការឧក្រិដ្ឋឆបោកតាមប្រព័ន្ធអនឡាញ វានឹងជួយផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេសក្នុងការមកកម្សាន្តនៅកម្ពុជាបន្ថែមទៀត។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងទិដ្ឋាការសាកល្បងចំពោះពលរដ្ឋចិន ដែលធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ស្ថិតិទេសចររបស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៥លាន២សែននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានចំនួនច្រើនរហូតដល់ប្រមាណ១លាន១សែននាក់ កើនឡើងជិត៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕