សង្គ្រាមនៅឈូងសមុទ្រពែក្ស កំពុងផ្ដល់ឱកាសមាសដល់អូស្ត្រាលី ក្នុងការនាំចេញឧស្ម័នធម្មជាតិរាវ LNG។ ដោយសារកង្វះការផ្គត់ផ្គង់ គួបផ្សំអ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz បានជំរុញឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ ដែលជំរុញប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនអូស្ត្រាលី ដូចជា ក្រុមហ៊ុន Woodside Energy និងក្រុមហ៊ុន Santos Limited ជាដើមកើនឡើងខ្ពស់។ ពេលនេះប្រទេសអូស្ត្រាលី បានក្លាយជាអ្នកផលិតឧស្ម័នធម្មជាតិរាវ LNG ធំជាងគេបំផុតទី២ នៅលើពិភពលោក និងផ្គត់ផ្គង់មួយចំណែកធំដល់ប្រទេសនានាដូចជាជប៉ុន និងកូរ៉េខាងត្បូងជាដើម។
បណ្ដាថ្នាក់ដឹកនាំក្នុងឧស្សាហកម្មថាមពលបាននិយាយថា ដើម្បីទាញយកឱកាសដ៏ល្អ ឬលាភក្នុងគ្រោះនេះ ប្រទេសអូស្ត្រាលី គួរតែបង្កើនការផលិតឧស្ម័ន ពង្រីកសមត្ថភាព ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនៅតំបន់អាស៊ី។ ទោះជាយ៉ាងណា នៅតែមានបញ្ហាប្រឈមដោយនៅតំបន់ខ្លះនៃប្រទេសអូស្ត្រាលី អាចនៅតែប្រឈមមុខនឹងកង្វះឧស្ម័ន មានការជជែកដេញដោលអំពីពន្ធថ្មីលើប្រាក់ចំណេញបានពីការលក់ឧស្ម័នធម្មជាតិរាវ LNG និងបទប្បញ្ញត្តិតឹងរ៉ឹងអាចធ្វើឱ្យគម្រោងថ្មីៗយឺតយ៉ាវ។
ក្រុមអ្នកជំនាញរំពឹងថា តម្លៃប្រេង និងឧស្ម័ននឹងនៅខ្ពស់រយៈពេលរាប់ឆ្នាំដោយសារតែសង្គ្រាម និងការខូចខាតដល់រោងចក្រផលិតថាមពលសំខាន់ៗនៅមជ្ឈិមបូព៌ា៕
ដោយ: តែម សុខុម