ប្រទេសថៃ ដែលជាសម្ពន្ធមិត្តស្អិតរមួតរបស់សហរដ្ឋអាម៉េរិក កំពុងលួចសម្រុកទិញសព្វាវុធពីមហាយក្សចិន កាន់តែច្រើន។ ការទិញទាំងសញ្វវុធទាំងអស់នេះ គឺជាផ្នែកមួយនៃផែនការការពារជាតិ ឆ្នាំ២០២៥ របស់ប្រទេសថៃ ជាពិសេសនៅពេលប្រទេសថៃ បានបញ្ឆេះភ្លើងសង្គ្រាមឈ្លានពានប្រទេសកម្ពុជា ដល់ទៅ២លើកក្នុងឆ្នាំ២០២៥។ ប្រទេសថៃ ក៏កំពុងជំរុញឱ្យឈានដល់កិច្ចព្រមព្រៀងទិញនាវាមុជទឹកពីមហាយក្សចិន ដែលត្រូវបានពន្យារពេលជាយូរមកហើយ។
ក្រុមអ្នកជំនាញបានលើកឡើងថា ប្រទេសថៃ កំពុងងាកទៅរកចិន សម្រាប់ការទិញអាវុធដោយសារហេតុផលចម្បងធំៗ៣ រួមមាន អាវុធរបស់ប្រទេសចិន មានតម្លៃថោក, អាវុធចិន អាចរកទិញបានលឿន និងអាវុធចិន មិនភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងដូចអាវុធទិញពីអាម៉េរិក។
ជាការកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេសថៃ ជាមួយទីក្រុងវ៉ាស៊ីនតោន ហាក់មានការថមថយចាប់តាំងពីថៃ ផ្ទុះរដ្ឋប្រហារក្នុងឆ្នាំ២០១៤ រួមជាមួយនឹងភាពតានតឹងពាណិជ្ជកម្ម និងការដាក់ចេញបម្រាមដោយអាម៉េរិក តាមរយៈការផ្អាកផ្ដល់ទិដ្ឋាការដល់ប្រទេសជាច្រើនរួមទាំងថៃ កាលពីពេលថ្មីៗនេះ។
ទោះបីជាយ៉ាងនេះក្តី ក៏ក្រុមអ្នកវិភាគយល់ឃើញថា ប្រទេសថៃ ទំនងមិនបោះបង់ចោលសហរដ្ឋអាម៉េរិក នោះទេ។ ផ្ទុយទៅវិញ ប្រទេសនេះកំពុងធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់អាវុធរបស់ខ្លួន និងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងជាមួយទាំងប្រទេសចិន និងសហរដ្ឋអាម៉េរិក។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីបញ្ហាថ្លៃដើម នៃសព្វាវុធ ការងាយស្រួលទិញ និងការមិនភ្ជាប់លក្ខខណ្ឌតឹងរ៉ឹង ពោលគឺមិនមែនជាការផ្លាស់ប្តូរយុទ្ធសាស្ត្រធំដុំរបស់ប្រទេសថៃ នោះទេ៕
ដោយ: តែម សុខុម