
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបានលើកឡើងនៅបណ្តាញសង្គម Truth Social របស់លោកថា លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីផ្អាកការដំឡើងពន្ធខ្ពស់លើទំនិញចិនរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ដោយរក្សានូវអ្វីដែលពួកគេបានព្រមព្រៀងគ្នាកាលពីមុនឱ្យនៅដដែល។ ការពន្យារពេលនេះ ដើម្បីទុកពេលឱ្យអាម៉េរិក បន្តពិភាក្សាជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហានៃការធ្វើពាណិជ្ជកម្ម និងការព្រួយបារម្ភពីសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់អាម៉េរិក។
ការពន្យារពេលរហូតដល់ដើមខែវិច្ឆិកា នេះ ជាពេលដ៏សំខាន់សម្រាប់ក្រុមអ្នកលក់រាយនៅសហរដ្ឋអាម៉េរិក ក្នុងការទិញផលិតផលមួយចំនួន ដូចជាគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងប្រដាប់ក្មេងលេងពីប្រទេសចិន ដើម្បីបំពេញស្តុករបស់ពួកគេសម្រាប់ត្រៀមលក់ចេញនៅក្នុងរដូវកាលបុណ្យណូអែលនៅចុងឆ្នាំនេះ។
ការពន្យារពេលអនុវត្តពន្ធបដិការនេះ បានរារាំងសហរដ្ឋអាម៉េរិក ក្នុងការយកពន្ធខ្ពស់ ១៤៥% លើទំនិញរបស់ចិន និងរារាំងចិនក្នុងការយកពន្ធខ្ពស់១២៥% លើទំនិញអាម៉េរិក ដោយបន្តអនុវត្តពន្ធ ៣០% លើទំនិញចិន និង១០% លើទំនិញអាម៉េរិក នាំចូលទៅកាន់ប្រទេសចិន។
លោក ត្រាំ បានប្រាប់សារព័ត៌មាន CNBC កាលពីសប្តាហ៍មុនថា សហរដ្ឋអាម៉េរិក និងចិន ជិតឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មហើយ ហើយលោកនឹងជួបជាមួយលោក ស៊ី ជីនពីង នៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើកិច្ចព្រមព្រៀងទ្វេភាគីត្រូវបានសម្រេច៕
ដោយ៖ សុខ មង្គល