លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ សង្កេតឃើញថា ប្រទេសថៃ តែងតែធ្វើទុក្ខបុកម្នេញមកលើកម្ពុជា នៅពេលដែលមានកិច្ចចរចាទ្វេភាគីណាមួយជាមួយកម្ពុជា ដែលបានបង្ហាញថា ថៃ ហាក់មិនស័ក្តិសមជារដ្ឋ ដែលមានភាពស៊ីវិល័យប្រកាន់គោលការណ៍នីតិរដ្ឋ។ តែយ៉ាងណានៅមួយចុងក្រោយថៃ ហាក់បន្ទន់ឥរិយាបថជាមួយកម្ពុជាតាមរយៈការព្រមព្រៀងទទួលយកលក្ខខណ្ឌសំខាន់ៗមួយចំនួននៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាពេលថ្មីៗនេះ។ បើតាមអ្នកជំនាញរូបនេះ បើទោះបីជាភាគីថៃបានទទួលយកលទ្ធផលនៃការចរចាយ៉ាងណាក្ដី តែប្រជាពលរដ្ឋខ្មែរនៅតែដាក់ការសង្ស័យចំពោះសុចរិកភាព និងភាពស្មោះត្រង់របស់ថៃ ព្រោះជាប្រវត្តិសាស្រ្តប្រទេសថៃ តែងតែរំលោភលើកិច្ចព្រមព្រៀង ដែលបានសម្រេចរួមគ្នាជាមួយកម្ពុជា កន្លងមក។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ សង្កេតឃើញថា នយោបាយកិច្ចការអន្តរជាតិ បានដាក់គំនាបដល់ប្រទេសថៃ ឱ្យបន្ទាន់ឥរិយាបថពីភាពទំនើងរបស់ខ្លួន ជាពិសេសក្រោយសហរដ្ឋអាម៉េរិក បានរំលឹកម្ដងហើយម្ដងទៀតក្នុងការធ្វើជាសាក្សីក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា ជាមួយថៃ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើតាមអ្នកជំនាញរូបនេះ កាលណាប្រទេសថៃ នៅតែរឹងត្អឹង ពោលគឺមិនព្រមចុះសម្រុងជាមួយកម្ពុជា នោះ ថៃច្បាស់ណាស់នឹងត្រូវជួបបញ្ហាសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុជាមួយអាម៉េរិក ដែលកត្តានេះជាសម្ពោធមួយដ៏ធំសម្រាប់ថៃ ក្នុងការបន្តភាពគឃ្លើនបន្តទៀត។
គួរបញ្ជាក់ថា កិច្ចប្រជុំពិសេស នៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន ដោយរួមបញ្ចូលទាំងការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាតំបន់មានជម្លោះដ៏ក្តៅគគុកនៅមួយរយៈចុងក្រោយនេះ ដោយអនុលោមតាមមាត្រាមួយចំនួន នៃ MoU ឆ្នាំ២០០០៕
អត្ថបទដោយ៖ ជា ម៉ារ៉ា