កម្ពុជា អាម៉េរិក

តើមានហេតុផលអ្វីខ្លះជំរុញឱ្យអាម៉េរិក ចាត់ទុកសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្ដានុពលនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក?


សហរដ្ឋអាម៉េរិក បានចាត់ទុកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាដៃគូដ៏មានសក្ដានុពលនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈអាម៉េរិក បានបន្ធូរបន្ថយពន្ធគយមកនៅត្រឹម១៩% និងបានលុបចោលទណ្ឌកម្មលក់សព្វាវុធមកឱ្យកម្ពុជា ទៀតផង ក្រោយលោក ត្រាំ បានជួបពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីខែតុលា កន្លងទៅនេះ។ នេះបើតាមកតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ី។
កម្ពុជា អាម៉េរិក
ដោយ

គេនៅចាំបានថានៅពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធបដិការលើប្រទេសនានា កាលពីខែមេសា ឆ្នាំ២០២៥ ប្រទេសកម្ពុជា ពេលនោះត្រូវជាប់ពន្ធដ៏ខ្ពស់មួយរហូតដល់៤៩% ដោយសារអាម៉េរិក មើលឃើញថា កម្ពុជា ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់បំផុតដែលប្រទេសចិន ប្រើប្រាស់ដើម្បីគេចវេសពន្ធរបស់អាម៉េរិក ស្របពេលអាម៉េរិក កំពុងព្យាយាមបិទចន្លោះប្រហោងបែបនេះ។ ប៉ុន្តែក្រោយមករដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចបញ្ចុះពន្ធបដិការលើទំនិញកម្ពុជា មកនៅត្រឹម១៩% ដែលជាកម្រិតទាបមួយនៅតំបន់អាស៊ាន។

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ កាលពីថ្ងៃទី២៦ ខែតុលា លោក ដូណាល់ ត្រាំ បានជួបពិភាក្សារយៈពេលខ្លីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ថយពន្ធបដិការលើទំនិញកម្ពុជា មួយចំនួនបន្ថែមទៀត។ ពាក់ព័ន្ធបញ្ហានេះបើតាមការអះអាងរបស់ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងនេះ អាម៉េរិកបានសម្រេចបញ្ចុះពន្ធមកនៅត្រឹម០% លើទំនិញកម្ពុជា មួយចំនួន ដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ពីមុខទំនិញ ដែលទទួលបានការលើកលែងពន្ធទាំងនេះនោះទេ។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី៦ ខែវិច្ឆិកានេះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិក ក៏បានប្រកាសថា អាម៉េរិក បានសម្រេចលុបចោលការហាមឃាត់ការលក់អាវុធទៅឱ្យប្រទេសកម្ពុជា ដោយផ្អែកលើការស្វែងរកសន្តិភាព និងសន្តិសុខយ៉ាងយកចិត្តទុកដាក់របស់ខ្លួន រួមទាំងតាម​រយៈការចូលរួមឡើងវិញជាមួយសហរដ្ឋអាម៉េរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាបន្តធ្វើសមយុទ្ធយោធាឆ្មាំអង្គរឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល៨ឆ្នាំ។ ការផ្លាស់ប្តូរឥរិយាបទបែបនេះទំនងជាផ្អែកលើការវាយតម្លៃរបស់រដ្ឋបាលលោក ត្រាំ លើមេដឹកនាំកម្ពុជា គឺសម្ដេច ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សាពីសាលាយោធាសហរដ្ឋអាម៉េរិក West Point និង សាកលវិទ្យាល័យញូវយ៉ក។

ឆ្លើយតបនឹងសំណួរ ថា តើអាម៉េរិកមានការផ្លាស់ប្តូរគោលនយោបាយចំពោះកម្ពុជា ឬយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកម្នាក់បានប្រាប់សារព័ត៌មាន Nikkei Asia ថា សហរដ្ឋអាម៉េរិក ស្វែងរកការធ្វើការជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីរបស់លោក ដើម្បីជំរុញចក្ខុវិស័យរួមរបស់អាម៉េរិកស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី វិបុលភាព សុវត្ថិភាព និងភាពធន់។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា អាម៉េរិកខិតខំធ្វើការជាមួយរដ្ឋបាលរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីកែលម្អបរិយាកាសវិនិយោគ និងជំហអន្តរជាតិរបស់កម្ពុជា រួមទាំងការបោសសម្អាតប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត ដែលបានកំណត់គោលដៅទៅលើពលរដ្ឋអាម៉េរិក ការបញ្ចប់ការកាត់ក្តីដែលមានហេតុផលនយោបាយ និងការអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដំណើរការដោយគ្មានការជ្រៀតជ្រែក៕

អត្ថបទ សុខ មង្គល​




អត្ថបទបន្ទាប់


ពន្ធគយរបស់លោក ត្រាំ កំពុងរុញច្រានឱ្យប្រទេសមួយចំនួនងាកទៅរកចិន

ទោះបីសម្ពាធពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានឈានដល់ការសម្រេចកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសមួយចំនួនជាបន្តបន្ទាប់ក៏ដោយ តែផលលំបាកនៃវិធានកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ