
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា នៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងទប់ទល់ជាមួយការឈ្លានពានពីសំណាក់ប្រទេសថៃ បានបង្ហាញឱ្យឃើញនូវចំណុចមួយចំនួនដែលកម្ពុជា ត្រូវកែទម្រង់។ បើតាមអ្នកជំនាញរូបនេះ ចំណុចដែលកម្ពុជា ត្រូវកែទម្រង់មានដូចជា សមត្ថភាពយោធាក្នុងការប្រើប្រាស់បច្ចេកវិទ្យាសព្វាវុធ វិន័យរបស់កងទ័ព និងការជំរុញការកាតព្វកិច្ចយោធា។ បន្ថែមលើនេះ កម្ពុជា ក៏ត្រូវពង្រឹងលើខ្សែច្រវាក់ផលិតកម្មផលិតផលខ្មែរ វិស័យអប់រំ និងវិស័យរដ្ឋបាលសារធារណៈផងដែរ។
ស្រដៀងគ្នានេះ លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី ចាត់ទុកការប្រយុទ្ធទប់ទល់នឹងសកម្មភាពឈ្លានពានរបស់ថៃ មកលើកម្ពុជា នាពេលថ្មីៗនេះ គឺជាបទពិសោធន៍ដែលរាជរដ្ឋាភិបាលអាចមើលឃើញពីចំណុចខ្សោយ និងចំណុចខ្លាំងនៅក្នុងវិស័យការពារជាតិ។ បើតាមអ្នកនយោបាយរូបនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវខិតខំពង្រឹងលើវិស័យការពារជាតិ ដោយក្នុងនោះក៏រួមមាននូវការប្រើប្រាស់បច្ចេកវិទ្យា និងវិន័យរបស់កងទ័ពផងដែរ។ បន្ថែមលើនេះ ក៏ត្រូវពង្រឹងលើវិស័យអប់រំ វិស័យសុខាភិបាលផងដែរ។
ដោយឡែក លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុម្នាក់នៅកម្ពុជា យល់ឃើញថា បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពក្នុងសង្គ្រាមជាមួយថៃ កម្ពុជា គួរផ្តោតលើចំនុចអាទិភាពមួយចំនួន ដើម្បីស្តារសេដ្ឋកិច្ច ពង្រឹងស្មារតីឯកភាពជាតិខ្មែរតែមួយ និងភាពថ្លៃថ្នូរបស់ខ្មែរដែលពិភពលោកកំពុងសរសើរ។ ចំណុចអាទិភាពទាំងនោះរួមមាន កម្ពុជា ត្រូវបង្កើនសមត្ថភាពផលិតរបស់សហគ្រាសក្នុងស្រុក ដើម្បីបង្កើតការងារបន្ថែម ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបង្កើនសមត្ថភាពនាំចេញ, ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការបំពាក់ជំនាញវិជ្ជាជីវៈដល់យុវជនដើម្បីបំពេញតំរូវការកម្លាំងពលកម្មក្នុងស្រុក និងកាត់បន្ថយចំនួនពលករចំណាកស្រុក។
បន្ថែមលើនេះ កម្ពុជាត្រូវពង្រឹងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងរដ្ឋ កាត់បន្ថយចំនួនស្ថាប័ន ច្របាច់បង្រួមក្រសួងឱ្យមានចំនួនតិច និងលុបបំបាត់តំណែងធំៗ ដែលមិនចាំបាច់ បង្កើនមន្ត្រីបច្ចេកទេសតាមតម្រូវការជាក់ស្តែង ដែលវៀតណាម និងឡាវកំពុងធ្វើ។ មួយវិញទៀតត្រូវបន្តពង្រឹងស្មារតីសាមគ្គី និងឯកភាពជាតិ ដើម្បីជាតិខ្លាំងឈប់យកខ្មែរគ្នាឯងធ្វើជាសត្រូវ និងរក្សាភាពថ្លៃថ្នូររបស់ជាតិខ្មែរដែលពិភពលោកកំពុងកោតសរសើរ និងឱ្យតម្លៃ។
សូមបញ្ជាក់ថា ការផ្ទុះអាវុធនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ គឺបង្កឡើងដោយសារការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ការណ៍នេះបានធ្វើឱ្យពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីររាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញទៅកាន់តំបន់សុវត្ថិភាព។ ក្រោយមានការផ្ទុះអាវុធកើតឡើងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម ក្នុងនាមប្រធានប្តូរវេនអាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក រួមទាំងរដ្ឋាភិបាលចិន បានជួយសម្របសម្រួល និងឱ្យថ្នាក់ដឹកនាំកម្ពុជា និងថៃ ឯកភាពលើបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕
អត្ថបទ៖ បូ ដូឡា