លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចចាត់ទុកដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមមកកាន់កម្ពុជា វាជាការបង្ហាញពីការរក្សាទំនាក់ទំនងជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈដំណើរទសន្សកិច្ចនេះវានឹងជួយជំរុញការដោះដូរពាណិជ្ជកម្ម ការតភ្ជាប់ការដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របពេលវៀតណាមជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេលំដាប់ទី៣របស់កម្ពុជាបន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិកកាលបីឆ្នាំ២០២៥។
ជាមួយគ្នានេះលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមមកកាន់កម្ពុជាមិនត្រឹមតែជាការបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការគាំទ្រផ្នែកនយោបាយ ខណៈកម្ពុជាកំពុងមានវិវាទព្រំដែនជាមួយប្រទេសថៃ។ ក្រៅតែពីបញ្ហាពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈដំណើរទស្សនៈនេះវានឹងជួយផ្តល់ធាតុចូលសម្រាប់ជួយដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ស្របពេលកម្ពុជាបានចាប់បញ្ជូនជនជាតិវៀតណាមពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញឱ្យត្រឡប់ទៅប្រទេសកំណើតវិញជាបន្តបន្ទាប់។
ដោយឡែក លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា ការផ្លាស់ប្ដូរដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំនៅក្នុងតំបន់បានក្លាយជាទំនៀមទម្លាប់ក្នុងការផ្លាស់ប្តូរយោបល់ និងភ្ជាប់ទំនាក់ទំនងកាទូតរវាងគ្នានិងគ្នា។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះរំពឹងថា លទ្ធផលនៃទស្សនកិច្ចនេះនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យទេសចរណ៍ និងការដោះដូរពាណិជ្ជកម្ម ក្រោមស្មារតីគោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជានេះបានក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក តូ ឡឹម បន្ទាប់ពីលោកត្រូវបានសមាជបក្សកុម្មុយនីស្តវៀតណាមជ្រើសតាំងឱ្យកាន់តំណែងជាអគ្គលេខាធិការបក្សសាជាថ្មី។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេដឹកនាំកំពូលរបស់វៀតណាមរូបនេះបានចូលគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដូចជាចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ដើម្បីពង្រឹងទំនាក់ទំនងជាប្រពៃណៃរវាងប្រទេសទាំងបី។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមសម្រេចបានជាង១១,៣ពាន់លានដុល្លារជាមួយក្តីរំពឹងនឹងកើនដល់២០ពាន់លានដុល្លារនាពេលខាងមុខ ស្របពេលដែលវៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាសរុបចំនួន២២៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង២,៩ពាន់លានដុល្លារ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា