សារព័ត៌មាន Chanel News Asia បានរាយការណ៍នៅថ្ងៃទី៨ ខែមករា ថា ប្រធានាធិបតិអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៧ ខែមករា បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មី ដោយលោក បានអញ្ជើញមេដឹកនាំកូឡុំប៊ីលោក ហ្គោស្តាវូ ប៉េត្រូ ឱ្យមកកាន់សេតវិមាននៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកគំរាមកំហែងប្រើប្រតិបត្តិការយោធាលើមេដឹកនាំរូបនេះពាក់ព័ន្ធនឹងបទចោទឧក្រិដ្ឋកម្មគ្រឿងញៀន។
ការអញ្ជើញនេះបានកើតឡើង ក្រោយជំនួបតាមទូរសព្ទជាលើកដំបូងរវាងសមភាគីទាំងពីរ ក្រោយលោកត្រាំ ព្រមានលោក ប៉េត្រូ ឲ្យប្រយ័ត្ន បន្ទាប់ពីសហរដ្ឋអាម៉េរិក បានវាយឆ្មក់ចូលចាប់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃទី៣ ខែមករា បានដោយជោគជ័យ។ លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា លោកពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលក្នុងជំនួបតាមទូរសព្ទជាមួយមេដឹកនាំកូឡុំប៊ី។
គួរបញ្ជាក់ថា កន្លងមកលោក ប៉េត្រូ ជាមេដឹកនាំមួយរូប ដែលហ៊ានរិះគន់លោក ត្រាំ ពេញៗមាត់ ហើយក៏បានបញ្ជាក់ពីការត្រៀមខ្លួនឆ្លើយតបនឹងការគំរាមកំហែងរបស់អាម៉េរិកផងដែរ ខណៈលោក ត្រាំ ធ្លាប់បានចោទប្រកាន់មេដឹកនាំកូឡុំប៊ី ពីបទជាប់ព័ន្ធនឹងបណ្តាញជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ៕
ដោយៈ សរ សុជាតិ