ផែនការសេដ្ឋកិច្ច

តើមហាយក្សចិន មានផែនការដោះដ្រាយបញ្ហាប្រឈមបែបណានៅឆ្នាំ២០២៦?


មហាយក្សចិន បានធ្វើផែនការសេដ្ឋកិច្ចដោយប្រុងប្រយ័ត្នសម្រាប់ឆ្នាំ២០២៦ បន្ទាប់ពីឆ្នាំ២០២៥ ជាឆ្នាំដ៏លំបាកសម្រាប់សេដ្ឋកិច្ចចិន ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្ម និងតម្រូវការក្នុងស្រុកចុះខ្សោយ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្យាករថា សេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើនមធ្យម ដោយភាគច្រើនព្យាករថា នឹងសម្រេចបានកំណើនប្រមាណចន្លោះពី ៤,២% ទៅ៤,៨% ដែលគាំទ្រដោយការបន្ធូរបន្ថយគោលនយោបាយជាបន្តបន្ទាប់។​ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
ផែនការសេដ្ឋកិច្ច
ដោយ

តើអ្វីជាផែនការបន្ទាប់សម្រាប់សេដ្ឋកិច្ចចិន នៅឆ្នាំ២០២៦ តើមហាយក្សចិន មានផែនការដោះដ្រាយបញ្ហាប្រឈមនានាបែបណា។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្យាករថា សេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០២៦ នឹងសម្រេចបានកំណើនមធ្យមចន្លោះពី ៤,២% ទៅ ៤,៨% ដែលគាំទ្រដោយការបន្ធូរបន្ថយគោលនយោបាយជាបន្តបន្ទាប់​។ ទោះជាយ៉ាងណា សេដ្ឋកិច្ចចិន នៅតែជួបបញ្ហាប្រឈមដោយសារតម្រូវការឥណទាន និងការប្រើប្រាស់ធ្លាក់ចុះ។ តាមការព្យាករ រដ្ឋាភិបាលក្រុងប៉េកាំង អាចនឹងបញ្ចុះអត្រាការប្រាក់តិចតួច កាត់បន្ថយការកំណត់ចំនួនដើមទុនបម្រុងសម្រាប់ធនាគារនានា បោះផ្សាយមូលបត្ររដ្ឋាភិបាលបន្ថែមទៀត និងពង្រីកកម្មវិធីគាំទ្រដើម្បីរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច។ ប៉ុន្តែបំណុលរដ្ឋាភិបាលមូលដ្ឋានដ៏ច្រើនលើសលប់ ការចំណាយរបស់អ្នកប្រើប្រាស់ទាប និងទីផ្សារអចលនទ្រព្យយឺតយ៉ាវនឹងនៅតែជាឧបសគ្គចម្បងដែលរារាំងកំណើនសម្រាប់សេដ្ឋកិច្ចចិន។

សម្រាប់ផ្នែកភូមិសាស្ត្រនយោបាយ ក្រុមអ្នកវិភាគព្យាករថា ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន អាចនឹងថមថយកម្ដៅបន្តិច ប៉ុន្តែការប្រកួតប្រជែងរយៈពេលវែងនឹងនៅតែបន្តកើតមានផ្នែកបច្ចេកវិទ្យា ខ្សែច្រវាក់ផ្គត់ផ្គង់ និងការដណ្ដើមឥទ្ធិពលក្នុងពិភពលោក ជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

ទន្ទឹមនេះ ប្រទេសចិន នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីជំនួសបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក ដោយងាកមកប្រើបច្ចេកវិទ្យាក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជៀសវាងការពឹងផ្អែកខ្លាំងលើប្រទេសដទៃ។

ការនាំចេញរបស់មហាយក្សចិន ត្រូវបានព្យាករថានឹងកើនឡើងយឺតជាងមុននៅក្នុងឆ្នាំ២០២៦ ទោះជាកម្លាំងផលិតកម្មរបស់ប្រទេសចិន នៅតែអាចរក្សាភាពរឹងមាំផ្នែកផលិតកម្មឱ្យមានស្ថិរភាពយ៉ាងណាក៏ដោយ។ ហានិភ័យនានារួមមានការធ្លាក់ចុះតម្រូវការរបស់សហរដ្ឋអាម៉េរិក និងទីផ្សារដែលកំពុងរីកចម្រើន ព្រមទាំងសម្ពាធពន្ធកើនឡើងពីបណ្ដាប្រទេសផ្សេងទៀត។

វិស័យអចលនទ្រព្យចិន នឹងនៅតែខ្សោយ ទោះបីជាវិបត្តិដ៏អាក្រក់បំផុតក្នុងវិស័យនេះអាចនឹងកន្លងផុតទៅក៏ដោយ។ ការធ្លាក់ចុះសេដ្ឋកិច្ចនឹងបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចចិន ហើយក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថា វាអាចចំណាយពេលច្រើនឆ្នាំដើម្បីងើបឡើងវិញ ដោយសារការវិនិយោគលើវិស័យផលិតកម្ម ក៏កំពុងថយចុះដោយសារតែសមត្ថភាពផលិតច្រើនហួសកម្រិត។

សរុបជារួម ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០២៦ របស់ប្រទេសចិន គឺជាទស្សនវិស័យកំណើនយឺតជាងមុន ប៉ុន្តែមានស្ថិរភាព ហើយនឹងបន្តគាំទ្រគោលនយោបាយជាបន្តបន្ទាប់ ខណៈមហាយក្សចិន ជួបបញ្ហាប្រឈមជារចនាសម្ព័ន្ធ និងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាជ្ញាធរសិង្ហបុរីព្រមានពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមអ៊ីនធឺណិតថ្មី

ទីភ្នាក់ងារគយរបស់សិង្ហបុរី កាលពីថ្ងៃទី៣ ខែធ្នូ បានក្រើនរំលឹកដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមព័ន្ធអនឡាញថ្មី ដែលបាននិងកំពុងកើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ