ជម្លោះកម្ពុជា-ថៃ

តើអាចមានហេតុផលអ្វីខ្លះដែលជំរុញឱ្យចិន ចូលខ្លួនជួយអន្តរាគមន៍បញ្ចប់ជម្លោះកម្ពុជា-ថៃនៅពេលនេះ?


ចិន បានបំបែកការស្ងៀមស្ងាត់របស់ខ្លួន ដោយបានបញ្ជូនប្រេសិតពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ីមកកាន់ប្រទេសកម្ពុជា និងថៃ ក្នុងគោលបំណង ដើម្បីភ្ជាប់ទំនាក់ទំនង និងបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានអូសបន្លាយអស់រយៈពេល១៣ ថ្ងៃកន្លងមកនេះ។ ក្រៅពីបញ្ជូនប្រេសិតពិសេស ប្រមុខការទូតចិន ក៏បានខលទូរសព្ទមកប្រមុខការទូតកម្ពុជា និងថៃ ដើម្បីពិភាក្សាលើបញ្ហាបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរផងដែរ។
ជម្លោះកម្ពុជា-ថៃ
ដោយ

លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម បានចាត់ទុកការបន្តបាញ់ប្រហាររបស់យោធាថៃ មកលើប្រទេសកម្ពុជា ទាំងដែលប្រទេសចិន កំពុងជួយអន្តរាគមន៍នេះ វាបានបង្ហាញយ៉ាងច្បាស់ពីចេតនាឈ្លានពានរបស់ថៃ ដើម្បីសម្រេចតាមគោលបំណងរបស់ខ្លួន។ អ្នកជំនាញរូបនេះបន្តថា ទាំងកម្ពុជា និងថៃ សុទ្ធតែជាមិត្តដែកថែបរបស់ចិន ដូច្នេះការចូលមកជួយអន្តរាគមន៍របស់ចិន ក្នុងការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរនៅពេលនេះ អាចដោយសារជម្លោះនេះកំពុងគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ចិន ជាពិសេសប៉ះពាល់ដល់វិនិយោគិនចិន ដែលកំពុងវិនិយោគនៅក្នុងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា ថៃ មិនដែលមានគំនិតចង់បោះបង់ចោលសង្គ្រាមឈ្លានពានលើកម្ពុជា នោះទេ ព្រោះដើម្បីបង្វិលជម្លោះផ្ទៃក្នុងប្រទេស ក៏ដូចជាស្វែងរកប្រជាប្រិយភាពមុនការបោះឆ្នោតចូលមកដល់ បើទោះបីជាមានកិច្ចអន្តរាគមន៍ពីចិន យ៉ាងណាក៏ដោយ។ សម្រាប់អ្នកជំនាញរូបនេះ ការដែលចិន ចូលមកលូកដៃជួយអន្តរាគមន៍ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ នៅពេលនេះ អាចដោយសារការអូសបន្លាយនៃជម្លោះព្រំដែនរវាងប្រទេសទាំងពីរកំពុងធ្វើឱ្យប៉ះពាល់ដល់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគិនចិននៅក្នុងប្រទេសទាំងពីរ និងជាពិសេសគឺការបង្ហាញពីឥទ្ធិពលរបស់ចិននៅក្នុងតំបន់ តែយ៉ាងណាអ្នកជំនាញរូបនេះមើលឃើញថា មិនថា ស្ថិតនៅក្នុងរូបភាពអ្វីនោះទេ ឱ្យតែបានបញ្ចប់សង្គ្រាមដោយសន្តវិធី ព្រោះតាមរយៈយន្តការប្រទេសទី៣ ជាវិធីសាស្រ្តដ៏ល្អបំផុត។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជឿជាក់ថា នៅក្នុងការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា និងថៃ ប្រសិនបើកម្ពុជា ទន់ខ្សោយ ម្ល៉េះត្រូវបានថៃ សង្គ្រប់យកប្រទេសបាត់ទៅហើយ ហើយអាវុធដែលថៃ យកមកឈ្លានពានខ្មែរភាគច្រើនជារបស់អាម៉េរិក។ តែបើក្រឡេកមកមើលកម្ពុជាវិញ អាវុធមួយចំនួននាំចូលពីប្រទេសចិន ដែលអាចជួយឱ្យកម្ពុជា អាចទប់ទល់ជាមួយការឈ្លានពានរបស់ថៃ យ៉ាងចាស់ដៃបាន។ ដូច្នេះជំនាញរូបនេះយល់ឃើញថា ទោះបីការចូលជួយអន្តរាគមន៍បញ្ចប់សង្គ្រាមរបស់ចិន មិនទាន់អាចបញ្ឈប់ឱ្យថៃ បាញ់ប្រហារមកលើកម្ពុជា នាពេលនេះ តែអាចនឹងបញ្ឈប់ក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតមកលើកម្ពុជានេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ថៃ កំពុងព្យាយាមបង្វែរស្ថានការណ៍ដើម្បីគេចពីការទទួលខុសចំពោះសង្គ្រាមឈ្លានពានលើកម្ពុជា

សង្គ្រាមឈ្លានពានរបស់យោធាល្មោភសង្គ្រាមថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានឈានចូលដល់ថ្ងៃទី១៣ហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ហើយមកទល់ពេលនេះមិនមានស…

ជម្លោះព្រំដែនខ្មែរ-ថៃ អាចជាដុំថ្មក្តៅ និងសម្ពាយបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់ហ្វីលីពីន នៅពេលធ្វើជាប្រធានអាស៊ានឆ្នាំក្រោយ

សង្គ្រាមឈ្លានពានរបស់យោធាថៃ មកដែនអធិបតេយ្យភាពកម្ពុជានឹងក្លាយជាមរតបញ្ហាមួយ និងជាសម្ពាយដ៏ធ្ងន់ធ្ងរសម្រាប់ហ្វីលីពីន រែកពន់នៅពេលខ្លួនធ្វើជាប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ