ជាក់ស្តែងកាលពីពេលថ្មីៗរដ្ឋាភិបាលថៃ បានផ្អាកផែនការបញ្ជូនកងទ័ពកម្ពុជា ទាំង១៨រូប និងអនុម័តព្យួរកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយឯកតោភាគី ដែលទង្វើនេះអាចធ្វើឱ្យស្ថានការណ៍ជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាន់តែតានតឹង។ អ្នកជំនាញភូមិសាស្ត្រនយោបាយបានចាត់ទុកទង្វើរបស់ថៃនេះ បានបំពានលើកិច្ចខិតខំប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលជាអ្នកផ្តួចផ្តើមបង្កើតឱ្យមានកិច្ចព្រមព្រៀងនេះ។ សម្រាប់អ្នកជំនាញការធ្វើបែបនេះរបស់ថៃ គឺដើម្បីផ្ទេរជម្លោះផ្ទៃក្នុងនៅក្នុងប្រទេសថៃ និងដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជនថៃ ដើម្បីបិទបាំងបញ្ហាដែលកំពុងកើតមានក្នុងប្រទេសខ្លួន។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា ទង្វើរបស់ភាគីថៃដែលបានសម្រេចព្យួរកិច្ចព្រមព្រៀងសន្តិភាព និងពន្យារផែនការដោះលែងកងទ័ពកម្ពុជា ទាំង១៨រូប កំពុងបំពានលើសន្ធិសញ្ញា ក៏ដូចជាកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំង២ ដែលវាហាក់ឃ្លាតឆ្ងាយពីសន្តិភាពតាមព្រំដែន។ អ្នកជំនាញរូបនេះសង្កេតឃើញថា ប្រទេសថៃ កំពុងមានទំនោរទៅរកប្រទេសចិន ជាងសហរដ្ឋអាម៉េរិក ដើម្បីទាញយកផលប្រយោជន៍ពីប្រទេសចិន ក្រោយថៃ សម្លឹងឃើញថា អាម៉េរិកអាចនឹងផ្លាស់ប្ដូរប្រធានាធិបតីជាច្រើនលើកច្រើនសារទៀត។
ម្យ៉ាងទៀតថៃ មានចេតនាបង្កជម្លោះជាមួយកម្ពុជា ដើម្បីបន្លប់ជម្លោះផ្ទៃក្នុងនៅថៃ និងបង្វែរការចាប់អារម្មណ៍ពីមហាជនថៃ ខណៈថៃ កំពុងកើតមានវិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ច និងគ្រោះមហន្តរាយជាដើម ជាពិសេសថៃ នៅតែបន្តមានមហិច្ឆតាឈ្លានពានលើទឹកដីកម្ពុជា។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ប្រទេសថៃ នៅមិនដល់៣ខែទៀតនោះទេ នឹងដល់ពេលដែលត្រូវបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី ដូច្នេះជាពេលមួយអ្នកនយោបាយថៃ ត្រូវបង្កើនភាពទាក់ទាញរកប្រជាប្រិយភាពរៀងៗខ្លួន តាមរយៈធ្វើជាអ្នកជាតិនិយមការពារដែនអធិបតេយ្យភាពរបស់ថៃ។ តែយ៉ាងណាអ្នកជំនាញរូបនេះ បានចាត់ទុកទង្វើរបស់ភាគីថៃ ថ្មីៗនេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរលើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងសហគមន៍អាស៊ាន ព្រោះវាជាការសម្រេចចិត្តមួយ ដែលមិនមានមូលដ្ឋានច្បាស់លាស់ នាំឱ្យប្រជាពលរដ្ឋទាំងថៃខ្លួនឯង និងពលរដ្ឋខ្មែរនៅតាមព្រំដែនរងទុក្ខលំបាកមិនចេះចប់មិនចេះហើយ។
ដោយឡែក លោក សេង វណ្ណលី អ្នកតាមដានភូមិស្រាស្តនយោបាយ សង្កេតឃើញថា រាល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ីវិលថៃ មិនទទួលបានការគាំទ្រដោយក្រុមយោធាថៃ នោះទេ គួបផ្សំលោក អានុទីន ឆានវីរៈគុល ដែលជានាយករដ្ឋមន្ត្រីមានអាណត្តិខ្លី ធ្លាប់បាននិយាយថា មានតំបន់ខ្លះយោធាថៃ បានរំលោភលើកម្ពុជា បានធ្វើឱ្យគណបក្សភូមិចៃថៃ របស់លោក អានុទីន កំពុងធ្លាក់ប្រជាប្រិយភាព ដែលកំពុងប្រឈមនឹងការរំលាយសភាមុនថ្ងៃកំណត់។ បើតាមអ្នកជំនាញរូបនេះ ក្រុមយោធាថៃ កំពុងដាក់សម្ពោធដល់រដ្ឋាភិបាលស៊ីវិលថៃ ជំរុញឱ្យមានការគ្រប់គ្រង់អំណាចទាំងស្រុងមកលើយោធា ដូច្នេះថៃ កំពុងលាតត្រដាងពីវិបត្តិផ្ទៃក្នុងរបស់ខ្លួនថា ជារដ្ឋដែលគ្មានសណ្ដាប់ធ្នាប់នោះឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃ បានបើកការវាយប្រហារដ៏សាហាវមកលើពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបណ្តាលឱ្យពលរដ្ឋម្នាក់ស្លាប់ និងរងរបួសចំនួន៣នាក់។ ការបាញ់នេះធ្វើឡើងនៅពីរថ្ងៃបន្ទាប់ពីទាហានថៃ ចំនួនពីរនាក់ ត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ដោយសារជាន់មីននៅតំបន់ចម្ការមីនចាស់ជាប់ព្រំដែនជាមួយប្រាសាទព្រះវិហារ ក្នុងអំឡុងពេលពួកគេដើរត្បាត៕
អត្ថបទ៖ ជា ម៉ារ៉ា