វិស័យការពារជាតិ

តើកម្ពុជា បានសិក្សាអ្វីខ្លះពីសង្គ្រាម២១ថ្ងៃជាមួយថៃ ឈ្លានពាន ហើយត្រូវពង្រឹងខ្លួនបែបណាខ្លះបន្តទៀត?


ក្រុមអ្នកជំនាញស្រាវជ្រាវ និងតាមដានការអភិវឌ្ឍសង្គមនៅកម្ពុជា បានមើលឃើញថា សង្គ្រាមប្រយុទ្ធគ្នា២១ថ្ងៃរវាងកងកម្លាំងកម្ពុជា និងថៃ កន្លងទៅ យោធាថៃ បានបង្កវិនាសកម្មបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលជាច្រើន។
វិស័យការពារជាតិ
ដោយ

ក្រុមអ្នកជំនាញយល់ឃើញថា តាមរយៈសង្គ្រាមនេះ កម្ពុជា បានសិក្សាពីចំណុចជាច្រើនដូចជា ការចូលលុកលុយដែនអធិបតេយ្យពីសំណាក់ក្រុមទាហានថៃ ពីសមត្ថភាពនៃវិស័យការពារជាតិ និងការរងគ្រោះក្នុងរយៈពេលវែងតាមរយៈគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាពលរដ្ឋបានបាត់បង់ដីស្រែចម្ការ និងលំនៅដ្ឋានជាដើម។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានសង្កេតឃើញពីសមត្ថភាពនៃវិស័យការពារជាតិកម្ពុជា ដែលចាំបាច់ត្រូវតែពង្រឹង និងអភិវឌ្ឍខ្លួនបន្ថែមទៀតដូចជាការបញ្ជាទិញអាវុធទំនើបទុកការពារប្រទេស ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និង ការបង្កើតយន្តហោះគ្មានមនុស្សបើកជាដើម។

​ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម យល់ឃើញថា តាមរយៈសង្គ្រាមរយៈពេល២១ថ្ងៃនេះ កម្លាំងការពារជាតិរបស់កម្ពុជា ត្រូវតែរៀបចំឲ្យបានល្អប្រសើរក្នុងការទប់ទល់ជាមួយប្រទេសថៃ ក្នុងករណីពួកគេចូលឈ្លានពាន។ អ្នកជំនាញរូបនេះជឿជាក់ថា យោធាថៃនឹងនៅតែបន្តឈ្លានពានមកលើកម្ពុជា នាពេលខាងមុខទៀត ហើយប្រសិនកម្ពុជា មិនពង្រឹងខឿនការពារជាតិ ឱ្យបានរឹងមាំនៅពេលនេះទេ នោះកម្ពុជា ប្រឈមមុខនឹងការបាត់បង់ទឹកដី។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីអភិវឌ្ឍន៍សមត្ថភាពយោធាបាន លុះត្រាតែសេដ្ឋកិច្ចកម្ពុជាខ្លាំង ខណៈបច្ចុប្បន្នកម្ពុជា ហាក់មិនទាន់មានគ្រឹះសេដ្ឋកិច្ចច្បាស់លាស់ណាមួយសម្រាប់ពឹងផ្អែកនៅឡើយទេ ដែលទាមទារឱ្យកម្ពុជា សិក្សាកំណត់គោលដៅសេដ្ឋកិច្ចរបស់ខ្លួននូវផ្នែកណាមួយ ដែលជាសក្ដានុពលរបស់កម្ពុជា ពិសេសលុបបំបាត់អំពើពុករលួយ និងកម្ចាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យអស់ពីប្រទេស។

​ដោយឡែក លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា សង្គ្រាមរយៈពេល២១ថ្ងៃជាមួយថៃ បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សិទ្ធិរស់រានរបស់ប្រជាពលរដ្ឋស៊ីវិល និង បាត់បង់សិទ្ធិជាច្រើនទៀត ពិសេសសិទ្ធិកុមារដែលមិនទទួលបានការសិក្សារៀនសូត្រ។ អ្នកជំនាញសិទ្ធិមនុស្សរូបនេះសង្កត់ធ្ងន់ថា ការបំផ្លិចបំផ្លាញផ្ទះពលរដ្ឋខ្មែរ និងលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ ពីសំណាក់ក្រុមទាហានថៃ វាជាទង្វើរំលោភលើសេចក្ដីប្រកាសជាសកល ស្ដីពី សិទ្ធិមនុស្ស ក៏ដូចជាកតិកាសញ្ញា ស្ដីពី សិទ្ធិពលរដ្ឋ និង​នយោបាយ និងសេដ្ឋកិច្ចវប្បធម៌។ ​បើតាមអ្នកនាំពាក្យ រូបនេះ បច្ចុប្បន្នគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកំពុងត្រួតពិនិត្យតាមដានពីការរំលោភលើសិទ្ធិមនុស្សនៅតាមព្រំដែន ដែលរងគ្រោះពីយោធាថៃ និងកំពុងរៀបចំដាក់ពាក្យបណ្ដឹងទៅភាគីពាក់ព័ន្ធ។

​គួរបញ្ជាក់ថា កាលពីកន្លងទៅអាម៉េរិក បានសម្រេចដកបម្រាមលក់អាវុធដែលបានដាក់លើកម្ពុជា អស់រយៈជាង៤ឆ្នាំ ហើយនឹងបើកលំហាត់យោធាឆ្មាំសមុទ្រជាមួយគ្នាឡើងវិញបន្ទាប់ពីផ្អាកជាច្រើនឆ្នាំ ជាពិសេសអាម៉េរិក បង្កើនចំនួននិស្សិតកម្ពុជា ឱ្យទៅសិក្សានៅសាលាយោធារបស់ខ្លួន ដែលកត្តាទាំងនេះអ្នកជំនាញមើលឃើញថា ជាឱកាសសម្រាប់អភិវឌ្ឍវិស័យយោធារបស់កម្ពុជា បានមួយផ្នែក៕

អត្ថបទ​​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ដាណឺម៉ាកព្រមានថា NATO នឹងដួលរលំ បើអាម៉េរិក អាចដណ្ដើមកាន់កាប់តំបន់ Greenland

លោកស្រី ម៉េត ហ្វ្រេដឺរីកស៊ិន (Mette Frederiksen) នាយករដ្ឋមន្ត្រីដាណឺម៉ាក បានព្រមានថា អង្គការបក្សសម្ពន្ធយោធា NATO អាចនឹងដួលរលំ ប្រសិនបើសហ…

តើវិស័យទេសចរណ៍កម្ពុជា បានជួបព្យុះភ្លៀងអ្វីខ្លះនៅឆ្នាំ២០២៥ ហើយអ្វីដែលនៅតែជាបញ្ហាប្រឈមសម្រាប់ឆ្នាំនេះ?

ចំនួនភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅកម្ពុជា នៅមួយរយៈចុងក្រោយនេះហាក់មានការថយចុះ បើធៀបនឹងឆ្នាំ២០២៤។ ជាក់ស្ដែងនៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ