សង្គ្រាមឈ្លានពាន

តើកម្ពុជាបានសិក្សាអ្វីខ្លះពីសង្គ្រាមឈ្លានពានរបស់ថៃ ហើយត្រូវពង្រឹងខ្លួនបែបណាបន្ថែមទៀត?


ក្រោយកម្ពុជាបានឆ្លើយតបយ៉ាងអង់អាចពីការវាយប្រហារឈ្លានពានរបស់ថៃក្នុងជម្លោះព្រំដែនក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ កម្ពុជាបានរងគ្រោះក្នុងរូបភាពជាច្រើនដូចជា បាត់បង់យុទ្ធជនជាកម្លាំងការពារជាតិ ទទួលរងអាវុធគីមី អាវុធធុនធ្ងន់ ខូចខាតទ្រព្យសម្បត្តិពលរដ្ឋ ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌអរូបិយនៃមនុស្សជាតិត្រូវបានរងការបំផ្លិចបំផ្លាញ និងរងផលប៉ះពាល់ជាច្រើនទៀត។
សង្គ្រាមឈ្លានពាន
ដោយ

អ្នកជំនាញយល់ឃើញថា តាមរយៈសង្គ្រាមឈ្លានពានរបស់ថៃនេះ កម្ពុជាអាចសិក្សាស្វែងយល់ និងរៀនសូត្របានយ៉ាងច្រើន សម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួននាពេលខាងមុខ។ ជាមួយគ្នានេះអ្នកជំនាញយល់ឃើញថា កម្ពុជាគួរពង្រឹងលើវិស័យការពារជាតិ សេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើប្រទេសជាដៃគូរ ដើម្បីឱ្យខ្លួនមានសមត្ថភាពទប់ទល់នឹងការឈ្លានពានពីសត្រូវឈ្លានពាន ដែលអាចនឹងត្រឡប់មកវិញនៅថ្ងៃណាមួយ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា តាមរយៈការប្រយុទ្ធគ្នាដ៏ក្តៅគគុកនៅតាមព្រំដែនជាមួយកងទ័ពឈ្លានពានថៃក្នុងរយៈពេល៥ថ្ងៃ បានជួយឱ្យកម្ពុជាអាចស្គាល់កាន់តែច្បាស់ពីចេតនារបស់សត្រូវ ដែលបានប្រើប្រាស់អាវុធហាមឃាត់ក្នុងសង្គ្រាម និងបានបំផ្លាញបេតិកភណ្ឌខ្មែរ ពិសេសប្រាសាទព្រះវិហារតែម្ដង ដែលជាសម្បិត្តបេតិកភណ្ឌពិភពលោក។ បើតាមអ្នកជំនាញរូបនេះ ស្មារតីស្នេហាជាតិគឺមានសារៈសំខាន់ណាស់ ដូច្នេះកម្ពុជាគួរតែពង្រឹងស្មារតីស្នេហាជាតិបន្ថែមទៀត និងត្រូវរៀនសូត្រពីតិចនិចនៃការធ្វើសង្គ្រាមដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ថៃ ក៏ដូចជាបង្កើនធនធានមនុស្សក្នុងវិស័យយោធាទាំងជើងគោក ជើងទឹក និងជើងអាកាស។
ជាមួយគ្នានេះលោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា នៅក្នុងសមរភូមិរយៈពេល៥ថ្ងៃ ដែលកម្ពុជាបានឆ្លើយតបនឹងការឈ្លានពានវាយប្រហារពីសំណាក់ភាគីថៃនេះ កម្ពុជាត្រូវសិក្សាអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាដូចជាការប្រើប្រាស់ដ្រូន និងចំណេះដឹងអំឡុងពេលប្រយុទ្ធជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា ទំនាស់រវាងថៃ និងកម្ពុជាមិនអាចបញ្ចប់ត្រឹមនេះនោះទេ ហើយវានឹងវិលត្រឡប់មកវិញម្ដងទៀត ពិសេសនៅពេលណាថៃមានវិបិត្តនយោបាយផ្ទៃក្នុង។ ដូច្នេះកម្ពុជាត្រូវតែពង្រឹងវិស័យយោធា សេដ្ឋកិច្ច និងប្រមូលទិញសព្វាវុធទំនើបស្ដុកទុកតាមលទ្ធភាព ក៏ដូចជាកាត់បន្ថយការពឹងផ្អែកទៅលើប្រទេសជាដៃគូរជាដើម។

គួរបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ការជួបពិភាក្សានៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៨ ខែកក្កដា កម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ជាមួយគ្នានេះ មេភូមិនៃប្រទេសទាំងពីរ ក៏បានជួបជជែកគ្នាក្រៅផ្លូវការលើបញ្ហាបទឈប់បាញ់នៅថ្ងៃទី២៩ ខែកក្កដា ផងដែរ ដោយភាគីទាំងពីរបានព្រមព្រៀងឈប់បាញ់គ្នា និងផ្អាកបង្កើនកម្លាំងទាហាននៅតាមព្រំដែន ដែលអាចបង្កឱ្យមានភាពតានតឹង៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើគ្រួសារយុទ្ធជនពលី និងរងរបួសក្នុងបុព្វហេតុជាតិគួរទទួលបានការលុបបំណុលពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬយ៉ាងណា?

ការប្រយុទ្ធទប់ទល់ដ៏អង់អាចរបស់កងទ័ពកម្ពុជាពីភាពឈ្លានពានរបស់កងទ័ពថៃនៅខ្សែបន្ទាត់ព្រំដែនបានធ្វើឱ្យយុទ្ធជនពលី និងរងរបួសទាំងសងខាង។ អ្នកជំនាញ…

តើ លោកដូណាល់ ត្រាំ អាចបញ្ចុះពន្ធគយបដិការដល់កម្ពុជា និងថៃ ឱ្យមានភាពល្អប្រសើរដែរឬទេ ក្រោយប្រទេសទាំងពីរយល់ព្រមឈប់បាញ់គ្នាតាមការជ្រោមជ្រែងរបស់លោក?

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនចាប់ផ្ដើមពន្លឿនកិច្ចការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ