ជម្លោះ កម្ពុជា-ថៃ

តើក្រុមអ្នកការទូត និងក្រុមអ្នកវិភាគសន្តិសុខថ្នាក់តំបន់បានលើកឡើងអ្វីខ្លះ ជុំវិញជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ ដែលបង្កឡើងដោយយោធោថៃ?


ក្រុមអ្នកការទូត និងក្រុមអ្នកវិភាគសន្តិសុខថ្នាក់តំបន់ បានលើកឡើងនូវសំណួរដ៏សំខាន់ចំនួន៥ ទាក់ទិននឹងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលទើបតែបានផ្ទុះឡើងសាជាថ្មី បង្កឡើងដោយទាហានថៃ ដែលបានបើកការបាញ់ប្រហារដោយកាំភ្លើងធំផង និងយន្ដហោះចម្បាំងទម្លាក់គ្រាប់ផង រំលោភមកលើដែនអធិបតេយ្យកម្ពុជា តាំងរសៀលថ្ងៃទី៧ និងបន្ដដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ តើសំណួរទាំង៥នោះមានអ្វីខ្លះដែរ?
ជម្លោះ កម្ពុជា-ថៃ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមអ្នកការទូត និងក្រុមអ្នកវិភាគសន្តិសុខថ្នាក់តំបន់បានលើកឡើងនូវសំណួរដ៏សំខាន់ចំនួន៥ ទាក់ទិននឹងជម្លោះព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖

ទី១, តើអ្នកណាទទួលបានផលចំណេញផ្នែកនយោបាយនៅក្នុងប្រទេសថៃ?

ជាការពិតណាស់ថា ការផ្ទុះអាវុធរបស់ទាហានថៃ ចូលឈ្លានពានកម្ពុជានេះ បានផ្ទុះឡើងនៅពេលដែលនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល កំពុងប្រឈមមុខនឹងការរិះគន់ភ្លូកទឹកភ្លូកដីនៅក្នុងប្រទេសថៃ ជុំវិញការបរាជ័យក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់, រឿងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលធ្វើឱ្យគេសើចចំអកថៃ ពេញតំបន់ និងរឿងអាស្រូវពាក់ព័ន្ធនឹងបណ្តាញឆបោកជាដើម។ ទន្ទឹមនេះរដ្ឋាភិបាលសំឡេងភាគតិចរបស់លោក អានុទីន បានប្រឈមនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដែលអាចធ្វើឱ្យបក្សរបស់លោកខ្ទាតចេញពីការកាន់អំណាច។

ដោយសារតែបែបនេះ សារព័ត៌មាន Nikkei បានបញ្ជាក់ថា ការបញ្ឆេះសង្គ្រាមឈ្លានពានកម្ពុជា ជាថ្មីនេះ បានជួយជំរុញស្មារតីជាតិនិយម ដែលអាចជួយឱ្យ អានុទីន ចំណេញខាងនយោបាយ។

*ទី២៖ តើកម្ពុជា ចំណេញអ្វីខ្លះដែរ?

បើតាមសារព័ត៌មានជប៉ុន Nikkei ថ្មីៗនេះ កម្ពុជា បានប្រឈមនឹងសម្ពាធនៅទីក្រុងហ្សឺណែវ នៅពេលដែលប្រទេសថៃ បានជំរុញឱ្យអង្គការសហប្រជាជាតិ ស៊ើបអង្កេតជាអន្តរជាតិ លើការដាក់បង្កៃគ្រាប់មីនថ្មីៗនៅតាមព្រំដែន ដែលភាគីថៃ ចោទប្រកាន់មកលើកម្ពុជា។ ហើយបើតាមកាសែតជប៉ុនដដែលនេះ ការប្រយុទ្ធគ្នាជាថ្មីនេះ បានពន្យារពេលការស៊ើបអង្កេត ដែលអាចបន្ធូរបន្ថយភាពអាម៉ាស់ផ្នែកការទូតរបស់កម្ពុជា សម្រាប់ពេលនេះ។

ទី៣៖ តើយោធាថៃ ដើរតួនាទីអ្វី?

បន្ទាប់ពីឧប្បត្តិហេតុទាហានថៃ ដើរជាន់មីនផ្ទុះដាច់ជើង និងរបួស លោក អានុទីន បានផ្តល់ឱ្យយោធានូវសិទ្ធិគ្រប់គ្រងពេញលេញលើសន្តិសុខព្រំដែន។ យោធាថៃ ពេលនេះកំពុងជំរុញការឆ្លើយតប ដោយបើកការវាយប្រហារតាមអាកាស ទាំងគណៈរដ្ឋមន្ត្រីថៃ មិនទាន់កោះប្រជុំទៅទៀត។ ក្រុមអ្នកវិភាគនិយាយថា យោធាថៃ មានគោលបំណងកម្ទេចទីតាំងឈរជើងនានារបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។

*ទី៤៖ តើកម្ពុជា មានយុទ្ធសាស្ត្រយោធាបែបណា?

បើតាមកាសែតជប៉ុន Nikkei កម្ពុជា ទទួលស្គាល់ថា ខ្លួនចាញ់ប្រៀបប្រទេសថៃ បើគិតពីកម្លាំងទ័ព និងសព្វាវុធ។ ដូចនេះ កម្ពុជា កំពុងព្យាយាមសុំអន្តរាគមន៍ពីអន្តរជាតិ ដោយបង្ហាញការពិតថា ខ្លួនជាប្រទេសតូច ខ្លួនគោរពកិច្ចព្រមព្រៀងសន្តិភាព និងគោរពច្បាប់អន្តរជាតិ ប៉ុន្តែកំពុងរងការឈ្លានពានពីថៃ ដែលជាប្រទេសធំជាង និងខ្លាំងជាងខ្លួន។

*ទី៥៖ តើសន្តិភាពទំនងជាកើតឡើងឆាប់ៗនេះទេ?

ក្រុមអ្នកការទូត និងក្រុមអ្នកវិភាគសន្តិសុខថ្នាក់តំបន់មើលឃើញឱកាសតិចតួចណាស់ ដែលកម្ពុជា-ថៃ អាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាថ្មីក្នុងពេលឆាប់ៗនេះ។ ប្រទេសថៃ កំពុងច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ផងដែរ។ ទោះជាយ៉ាងណា ខាងលើនេះគ្រាន់តែជាការវិភាគ និងបកស្រាយរបស់អ្នកជំនាញផ្នែភូមិសាស្ត្រនយោបាយតែប៉ុណ្ណោះ។ ចំពោះភាពជាក់ស្ដែង មានការប្រែប្រួលបែបណានោះ យើងនឹងរង់ចាំមើលបន្ដទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សមាគមដែកពិភពលោកបញ្ជាក់ថា បញ្ហាដែកលើសតម្រូវការទីផ្សារចិន មិនងាយដោះស្រាយ

សមាគមដែកពិភពលោក ឬ WORLDSTEEL បានឱ្យដឹងថា បញ្ហាការផលិតដែកលើស​តម្រូវការរបស់​ប្រទេសចិន បានក្លាយជារឿងដែលពិបាកដោះស្រាយ ដោយសារតែឧស្សាហកម្ម…

វៀតណាម កំពុងសម្រុកអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធនៅកោះត្រល់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC

ដើម្បីឱ្យការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅឆ្នាំ២០២៧ សម្រេចបានជោគជ័យ និងដោយរលូន នៅពេលនេះ វៀតណាម កំពុងធ្វើទំនើបកម្មហេដ្ឋារចនាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ