សន្តិភាពកម្ពុជា-ថៃ

តើកត្តាអ្វីខ្លះជំរុញឱ្យយោធាថៃ បើកការវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា សារជាថ្មី?


ក្រសួងការពារជាតិកម្ពុជា បានអះអាងថា យោធាថៃ បានបើកការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើកងកម្លាំង និងពលរដ្ឋស៊ីវិលរបស់កម្ពុជា ជាថ្មី ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី៨ ខែធ្នូ នៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងបន្តដល់ខេត្តបន្ទាយមានជ័យ ក្នុងចេតនាញុះញង់ឱ្យកម្ពុជា បាញ់តបត ដើម្បីបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។
សន្តិភាពកម្ពុជា-ថៃ
ដោយ

អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គម បានចាត់ទុកកាបង្កអរិភាពជាថ្មីរបស់យោធាថៃ មកលើកម្លាំងកម្ពុជា នាពេលនេះ ក៏ដោយសារតែនាយករដ្ឋមន្រ្តីថៃ ចង់ស្តារប្រជាប្រិយភាពរបស់ខ្លួន ដែលកំពុងធ្លាក់ចុះខ្លាំង និងចង់បង្វែរការចាប់អារម្មណ៍របស់សាធារណជនលើបញ្ហាផ្ទៃក្នុងថៃ ដែលកំពុងកើតមានផ្ទួនៗ ឱ្យងាកមកលើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា មូលហេតុដែលយោធាថៃ បើកការវាយប្រហារមកលើកកងកម្លាំងកម្ពុជា ជាថ្មីនេះ ដោយសាររដ្ឋាភិបាលថៃ កំពុងជួបវិបត្តិផ្ទៃក្នុងជាច្រើនរាប់ចាប់តាំងពីការដោះស្រាយបញ្ហាទឹកជំនន់ ការធ្លាក់ចុះសេដ្ឋកិច្ច ជម្លោះនយោបាយ និងភាពអាម៉ាស់នៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមមិនបានល្អជាដើម។ ដូច្នេះថៃ បានរុញច្រានបញ្ហាទាំងអស់នេះពីក្រសែភ្នែករបស់ប្រជាជនខ្លួន មកបង្កអរិភាពនៅតាមព្រំដែនជាមួយកម្ពុជា ដើម្បីបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះ ស្របពេលដែលកម្ពុជា កំពុងបន្តមានភាពអត់ធ្មត់ខ្ពស់ក្នុងការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជា ក៏ត្រូវប្រាប់ទៅកាន់សហគមន៍អន្តរជាតិ និងដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តជាតិ នានា ឱ្យបានដឹងលឺ ដើម្បីជួយដោះស្រាយបញ្ហានេះ និងធានាថា ថៃ ពុំអាចយកបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកបង្កជម្លោះជាមួយកម្ពុជា ម្តងហើយម្តងទៀតនោះទេ។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានគូសបញ្ជាក់ថា ការបើកការវាយប្រហារជាថ្មីរបស់យោធាថៃ មកលើកងកម្លាំងកម្ពុជា នាពេលនេះ គឺជាចេតនាយ៉ាងច្បាស់ក្នុងការបំផ្លាញកិច្ចព្រមព្រៀងសន្តិភាព ដែលកន្លងមកភាគីថៃ មិនដែលចង់ដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជា ដោយសន្តិវិធីនោះទេ ដ្បិតពួកគេគិតថា ខ្លួនមានប្រៀបខ្លាំងជាងកម្ពុជា ទាំងផ្នែកយោធា និងសេដ្ឋកិច្ច ដោយមិនត្រូវការមធ្យោបាយការទូត ឬច្បាប់អន្តរជាតិ ដោះស្រាយឡើយ។ បើតាមអ្នកជំនាញរូបនេះ កងកម្លាំងកម្ពុជា ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ជានិច្ច ដើម្បីឆ្លើយតបទៅវិញក្នុងករណីចាំបាច់ណាមួយ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ។ សម្រាប់អ្នកជំនាញរូបនេះ តួនាទីរបស់ប្រទេសទី៣ និងសហគមន៍អន្តរជាតិ នៅតែសំខាន់ក្នុងការចូលរួមជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានគូសបញ្ជាក់ថា មូលហេតុដែលកងទ័ពថៃ វាយប្រហារមកលើកម្ពុជាជាថ្មីនេះ ក៏ដោយសារលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ កំពុងធ្លាក់ប្រជាប្រិយភាពជាគំហុក ដោយសារគ្រោះទឹកជំនាន់ និងការរៀបចំធ្វើជាម្ចាស់ផ្ទះ SEA Game ឆ្នាំ២០២៥ មិនបានល្អដូចកម្ពុជា ស្របពេលដែលថៃ កំពុងត្រៀមរៀបចំការបោះឆ្នោតសកលជ្រើសរើសសភាតំណាងរាស្ត្រនៅចុងខែមីនា ឆ្នាំ២០២៦។ ប៉ុន្តែលោក អានុទីន មានផែនការរំលាយសភានៅខែមករា ដើម្បីទប់ស្កាត់កុំឱ្យប្រជាប្រិយភាពរបស់ខ្លួនកាន់តែធ្លាក់ចុះ។

បើតាមអ្នកជំនាញរូបនេះ នៅក្នុងនយោបាយថៃ ព្រះមហាក្សត្រ មានឥទ្ធិពលដ៏ធំធេង ហើយមិនចង់ឱ្យគណបក្សប្រឆាំងឈ្នះឆ្នោតឡើយ ព្រោះគណបក្សប្រឆាំងមានគំនិតធ្វើកំណែទម្រង់អំណាចយោធា និងព្រះមហាក្សត្រ។ ដូច្នេះដើម្បីស្តារប្រជាប្រិយភាពរបស់របស់ខ្លួនឡើងវិញលោក អានុទីន និងព្រះមហាក្សត្រ បានបើកដៃឱ្យកងទ័ពខ្លួនវាយប្រហារមកលើកម្ពុជា ដោយមិនខ្វល់ពីកិច្ចព្រមព្រៀងសន្តិភាព ឬការរំលោភច្បាប់អន្តរជាតិឡើយ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា ជាប្រទេសទទួលរងគ្រោះពីឈុតឆាកដណ្តើមអំណាក្នុងនយោបាយផ្ទៃក្នុងថៃ ដូច្នេះកម្ពុជា ត្រូវត្រៀមខ្លួនសម្រាប់ប្រយុទ្ធរយៈពេលវែង ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ពោលគឺកិច្ចព្រមព្រៀងនៅតែគោរព ច្បាប់អន្តរជាតិ នៅតែគោរព ការងារការទូតនៅតែបន្តយ៉ាងសកម្ម ប៉ុន្តែសិទ្ធិការពារខ្លួនកម្ពុជា ត្រូវតែធ្វើមិនអាចឱ្យសៀមមករំលោភបំពានបានឡើយ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលកម្ពុជា យ៉ាងសាហាវព្រៃផ្សៃ និងមិនរើសគោលដៅ ជាមួយការប្រើប្រាស់អាវុធធុនតូច និងធុនធំជាច្រើនប្រភេទ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលបណ្តាលឱ្យពលរដ្ឋកម្ពុជាមួយចំនួនរងរបួស និងផ្ទះជាច្រើនខ្នងត្រូវបានឆេះ។ ប៉ុន្តែកងកម្លាំងកម្ពុជា មិនទាន់បានតបតអ្វីនៅឡើយទេជុំវិញភាពតានតឹងនេះ ដោយប្រកាន់ខ្ជាប់នូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


កងកម្លាំងចិន និងជប៉ុន ប្រទាំងប្រទើសគ្នានៅជិតកោះអូគីណាវ៉ា ដែលធ្វើឱ្យជម្លោះការទូតកាន់តែឡើងកម្តៅ

កងកម្លាំងការពារខ្លួនរបស់ជប៉ុន បាននិយាយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា កងនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន មួយក្រុម ដែលធ្វើនាវាចរណ៍នៅជិតប្រទេសជប…

តើកម្ពុជា គួរឆ្លើយតបបែបណា ក្រោយថៃ បាញ់ផ្សែងពុល និងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើកម្ពុជា?

យោធាថៃ បានបាញ់ប្រហារជាថ្មីមកលើកម្ពុជា នៅទីតាំងជាច្រើនកន្លែង ដោយប្រើប្រាស់អាវុធធុនធំគ្រប់ភេទ រួមទាំងបាញ់ផ្សែងពុល និងប្រើយន្តហោះចម្បាំង F-…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ