ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិស័យអចលនទ្រព្យកម្ពុជា បានទទួលរងនូវសម្ពាធជាច្រើនពីបញ្ហាមួយទៅបញ្ហាមួយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរាំងស្ទះដល់ការរីកចម្រើនរបស់វិស័យនេះ។ ជាក់ស្តែងតាមរយៈបញ្ហាសង្រ្គាមរវាងកម្ពុជា-ថៃ ដែលកំពុងកើនឡើងកម្តៅនាពេលបច្ចុប្បន្ននេះ វាក៏បានដាក់សម្ពាធបន្ថែមទៀតដល់វិស័យអចលនទ្រព្យកម្ពុជា ផងដែរ ដោយសារស្ថានភាពសេដ្ឋកិច្ចជួបការលំបាក ដែលអាចធ្វើឱ្យអ្នកវិនិយោគក្នុងវិស័យនេះមានការរឹតត្បិតការចំណាយជាងមុន។ បើតាមការវាយតម្លៃរបស់ប្រធានសមាគមរូបនេះ បញ្ហាសង្រ្គាមរវាងកម្ពុជា-ថៃ ទំនងអាចដោះស្រាយបញ្ចប់បាននៅឆ្នាំក្រោយនេះ នៅពេលដែលប្រទេសថៃ បោះឆ្នោតជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនរួច ដូច្នេះប្រសិនបើបញ្ហាជម្លោះនេះអាចត្រឡប់ទៅរកភាពធូរស្រាលវិញ នោះវិស័យអចលនទ្រព្យកម្ពុជា អាចនឹងចាយពេលប្រមាណ៤ឆ្នាំទើបអាចវិលទៅរកភាពល្អប្រសើរឡើងវិញបាន។
ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនវត្ថុកម្ពុជា ឧកញ៉ា សន សៀប ប្តេជ្ញាចូលរួមអភិវឌ្ឍវិស័យនេះឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈ ដើម្បីកសាងភាពធន់របស់វិស័យនេះក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ ការប្តេជ្ញាបែបនេះរបស់ ឧកញ៉ា សន សៀប ធ្វើឡើងនៅក្នុងសិន្និបាតលើកទី១៦ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកផែនការសម្រាប់ឆ្នាំ២០២៦។
បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា សន សៀប ស្ថានភាពតម្លៃ និងចរន្តទិញលក់របស់វិស័យអចលនទ្រព្យកម្ពុជា នៅក្នុងឆ្នាំ២០២៥ ហាក់ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ ហើយសម្រាប់ឆ្នាំ២០២៦ លោកមិនរំពឹងថា នឹងមានការប្រែប្រួលបន្ថែមទៀតនោះដែរ៕