
តែយ៉ាងណាអ្នកជំនាញជឿជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរអាចនឹងមានការធ្លាក់ចុះ ប្រសិនបើជម្លោះព្រំដែនរវាងប្រទេសទាំងពីរនៅតែបន្តអូសបន្លាយពុំមានដំណោះស្រាយ។
បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានទំហំជិត២ពាន់២រយលានដុល្លារមានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំ៤៤៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទំហំជាង១ពាន់៧រយលានដុល្លារ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកត់សម្គាល់ឃើញថា ទោះបីការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃនៅឆមាសទី១ឆ្នាំ២០២៥ នេះ មានការកើនឡើង៧% ក៏ពិតមែន ប៉ុន្តែការដោះដូរមួយខែចុងក្រោយហាក់មានការធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាមុនពេលប្រទេសថៃ ពុំទាន់មានវិធានការបិទច្រកទ្វារព្រំដែន។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវរូបនេះ ជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃនាពេលខាងមុខ អាចនឹងបន្តធ្លាក់ចុះថែមទៀត ប្រសិនបើស្ថានការណ៍តាមព្រំដែននៅតែមិនមានដំណោះស្រាយ។
ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា សកម្មភាពនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃនៅរយៈពេល៦ខែ ឆ្នាំ២០២៥ នេះ មានដំណើរល្អ ខណៈការបញ្ជាទិញត្រូវបានធ្វើឡើងនៅមុនពេលដែលប្រទេសទាំងពីរមានភាពតានតឹងជាមួយគ្នាក្នុងខែឧសភា។ តែយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច រូបនេះលើកឡើងថា នៅប៉ុន្មានខែខាងមុខ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរអាចនឹងមានការប្រែប្រួល ប្រសិនបើប្រទេសទាំងពីរពុំមានដំណោះស្រាយឱ្យបានឆាប់រហ័សលើភាពតានតឹងដែលកំពុងកើតមាន។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានទំហំជាង៤ពាន់២៨៨លានដុល្លារ កើនឡើងជាង១៥% ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំ៨៤៤លានដុល្លារ ហើយថៃនាំចូលមកម្ពុជាវិញមានទំហំជាង៣ពាន់៤៤៣លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ