
អ្នកឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN Group បានវាយតម្លៃថា នៅក្នុងរយៈពេល៦ខែកន្លងមកនេះ វិស័យអចលនទ្រព្យកម្ពុជា នៅមិនទាន់អាចវិលត្រឡប់ទៅរកភាពល្អប្រសើរដូចមុនឆ្នាំ២០១៩ នោះទេ តែយ៉ាងណាចាប់តាំងពីឆ្នាំ២០២៤មក ចរន្តទិញ-លក់ក្នុងវិស័យនេះហាក់មានសម្ទុះកំណើនឡើងវិញជាវិជ្ជមាន ពិសេសអចលនទ្រព្យបម្រើដល់វិស័យឧស្សាហកម្មតែម្តង។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នលំនៅឋានដែលមានតម្លៃសមរម្យ ហាក់មានតម្រូវការខ្ពស់ពីអតិថិជន ដោយឡែកចំពោះលំនៅឋានតម្លៃមធ្យមនៅតែមានតម្រូវការពីអតិថិជនដែលទិញសម្រាប់ស្នាក់នៅផ្ទាល់ ខណៈការទិញទុកវិនិយោគ គឺពុំសូវមាននោះទេ។ យ៉ាងណាមិញ សម្រាប់ទីផ្សារខុនដូរបច្ចុប្បន្ន អ្នកឧកញ៉ា សំ សុខនឿន អះអាងថា មិនទាន់មានស្ថានភាពល្អប្រសើរនោះទេ ដោយសារការផ្គត់ផ្គង់មានលើសតម្រូវការទីផ្សារ។
មិនខុសប៉ុន្មាននោះទេ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារទិញ-លក់អចលនទ្រព្យនៅកម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥នេះ ហាក់មិនមានការប្រែប្រួលច្រើនគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺចរន្តទិញ-លក់នៅតែបន្តមានជាហូរហែ។ តែយ៉ាងណា អ្នកជំនាញរូបនេះសង្កេតឃើញថា អចលនទ្រព្យដែលបម្រើដល់វិស័យឧស្សាហកម្មដែលមានចរន្តទិញ-លក់យ៉ាងច្រើនផុសផុលកាលពីឆ្នាំមុន ហាក់មានសភាពទ្រឹងបន្តិចនាពេលបច្ចុប្បន្ននេះ ដោយសារតែវិនិយោគិនមួយចំនួននៅរង់ចាំមើលពីការកំណត់អត្រាពន្ធបដិការរបស់សហរដ្ឋអាម៉េរិក មកលើកម្ពុជា។
ស្រដៀងគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត យល់ឃើញថា ចរន្តទិញ-លក់ទូទៅក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅដើមឆ្នាំ២០២៥ គឺប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំមុនដែរ ដោយក្នុងនោះអចលនទ្រព្យ និងលំនៅឋានដែលមានតម្លៃទាបទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជនក្នុងការទិញឡើងវិញ ខណៈការទិញអចលនទ្រព្យដែលមានតម្លៃខ្ពស់ចាប់ពីខ្ទង់លានដុល្លារឡើងទៅនៅមានភាពយឺតយ៉ាវនៅឡើយ។ ដោយឡែកចំពោះតម្លៃអចលនទ្រព្យវិញហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។
សូមជម្រាបថា វិស័យអចលទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២៥ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថានឹងមានសម្ទុះកំណើនក្នុងរង្វង់២,៦% ដោយកំណើននេះត្រូវបានរុញច្រានដោយសកម្មភាពសាងសង់ និងការទិញ-លក់អចលនវត្ថុមានតម្លៃទាប ខណៈលំហូរទុនវិនិយោគពីបរទេសនៅមានកម្រិតតិចតួចនៅឡើយ៕