បទឈប់បាញ់

តើកម្ពុជា គួរមានយន្តការបែបណាទៀត ដើម្បីឱ្យថៃ អនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព?


កងទ័ពថៃ នៅតែបន្តធ្វើសកម្មភាពរាយបន្លាលួសព័ទ្ធយកដីស្រែចម្ការរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលនេះបង្ហាញឱ្យឃើញថា ថៃ បានរំលោភលើបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត។ សកម្មភាបបង្កហេតុយ៉ាងគឃ្លើនរបស់កងទ័ពថៃ នេះ បានបង្កឱ្យមានបាតុភាពហិង្សាកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ និងបានធ្វើឱ្យព្រះសង្ឃ ពលរដ្ឋ និងកងទ័ពកម្ពុជា ជាច្រើនអង្គ/នាក់ បានរងរបួសធ្ងន់ និងស្រាល។ អ្នកជំនាញភូមិសាស្រ្តនយោបាយចាត់ទុកសកម្មភាពបង្កហេតុរបស់កងទ័ពថៃ ថា មិនបានអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពនោះទេ។
បទឈប់បាញ់
ដោយ

លោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា នៅក្នុងបរិបទបច្ចុប្បន្ន កម្ពុជា មិនមានជម្រើសអ្វីក្រៅពីការប្រើយន្តការការទូតនោះទេ។ បន្ថែមលើនេះ កម្ពុជា ត្រូវមានមានយន្តការកសាងទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសលោកខាងលិច និងលោកខាងកើត ដូចជាសហរដ្ឋអាម៉េរិក និងចិន ជាដើម និងជំរុញឱ្យមានការអនុវត្តគោលការណ៍ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រមទាំងការពង្រឹងកម្លាំងការពារជាតិ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យថៃ ធ្វើសកម្មភាពតាមចិត្តនោះទេ ព្រោះអាចនឹងធ្វើឱ្យកម្ពុជា បាត់បង់ទឹកដី និងបាត់ជំនឿចិត្តពីពលរដ្ឋ។

​ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា កម្ពុជា បានអនុវត្តពេញលេញតាមគោលការណ៍នៃបទឈប់បាញ់ ប៉ុន្តែភាគីថៃ មិនបានអនុវត្តតាមអ្វី ដែលបានព្រមព្រៀងគ្នានោះឡើយ ហើយបានបន្តរំលោភបំពានមកលើទឹកដីរបស់កម្ពុជា ដោយធ្វើសកម្មភាពតាមរូបភាពជាច្រើន ទោះបីមានក្រុមអ្នកអង្កេតការណ៍អន្តរកាលរបស់អាស៊ានក៏ដោយ។ ទន្ទឹមនេះអ្នកជំនាញរូបនេះ សង្កេតឃើញថា បណ្ដាប្រទេសមួយចំនួនហាក់មិនមានឆន្ទៈពិតប្រាកដក្នុងការចូលរួមជួយដោះស្រាយភាពតាងតឹងរវាងកម្ពុជានិងថៃ ដោយតម្លាភាព និងការគោរពច្បាប់នោះទេ។ តែយ៉ាងណា លោកបណ្ឌិតសង្កត់ធ្ងន់ថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រើវិធីការទូត និងបង្កើតទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាមិត្ត ដើម្បីកៀរគរឱ្យបណ្ដាប្រទេសនានា ចាត់តំណាងចុះអង្កេតការណ៍តាមបន្ទាត់ព្រំដែនបន្ថែមទៀតជាដើម។

​ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា មកដល់ពេលនេះ កម្ពុជា នៅតែប្រឈមការលំបាកដោយសារតែភាគីថៃ មិនគោរពគោលការណ៍ដែលបានព្រមព្រៀងគ្នា។ ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះយល់ថា កម្ពុជា ត្រូវទប់ស្កាត់កុំឱ្យថៃ បន្តធ្វើសកម្មភាពរាយបន្លាលួសព័ទ្ធលំនៅឋានរបស់ពលរដ្ឋតាមបែបអហិង្សា និងការជូនដំណឹងទៅកាន់អន្តរជាតិ តាមរយៈការដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យបានលឿន និងការដាក់លិខិតនៅក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ព្រមទាំងអាស៊ានជាដើម។

​ពាក់ព័ន្ធបញ្ហានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ សម្រាប់សម្តេច ហ៊ុន ម៉ែណែត បញ្ហាភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ មិនត្រឹមតែបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសម្រាប់តំបន់ទាំងមូលផងដែរ។ ទន្ទឹមនេះ សម្តេចធិបតី ស្នើឱ្យថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) កាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ផលិតផល GI និងផលិតផលសម្រាប់នាំចេញជាង១០ប្រភេទរបស់កម្ពុជា បានបង្ហាញខ្លួនក្នុងពិព័រណ៍ចិន-អាស៊ាន

ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) និងផលិតផលសក្តានុពលសម្រាប់នាំចេញរបស់កម្ពុជា ជាង១០ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងពន្លាជាតិកម្ពុជា ក្នុ…

សិង្ហបុរី និងប្រទេស១៣ផ្សេងទៀតបង្កើតប្លុកសេដ្ឋកិច្ចថ្មី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី និងសម្រួលរំហូរវិនិយោគ

ប្រទេសចំនួន១៤ រួមទាំងសិង្ហបុរី នូវែលសេឡង់ ស្វីស អារ៉ាប់រួមអេមីរ៉ាត និងអ៊ុយរូហ្គាយ ផងដែរនោះ បានរួមគ្នាបង្កើតប្លុកសេដ្ឋកិច្ចថ្មី មានឈ្មោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ