
ពាក់ព័ន្ធបញ្ហាទីផ្សារស្រូវអង្ករនេះអ្នកជំនាញបន្ត លើកទឹកចិត្តឱ្យកសិករផលិតស្រូវដោយប្រើប្រាស់ពូជក្នុងស្រុក ព្រោះវាមានទីផ្សារល្អ និងអាចលក់បានក្នុងតម្លៃខ្ពស់។ តែយ៉ាងណាដើម្បីអាចឱ្យកសិករផ្លាស់ប្ដូរពូជស្រូវ អ្នកជំនាញយល់ថា ភាគីពាក់ព័ន្ធគួរតែផលិត និងចែកចាយពូជស្រូវក្នុងស្រុកឱ្យបានច្រើនដល់កសិករជាមួយតម្លៃសមរម្យ។
ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រាប់ខេមបូណូមីសថា ស្របពេលស្រូវរបស់កសិករកំពុងជួបបញ្ហាទីផ្សារ ក្រសួងកសិកម្មបានរៀបចំផែនការមួយចំនួនសំដៅធ្វើយ៉ាងណាជួយដោះស្រាយលើបញ្ហានេះ។ ផែនការទាំងនោះរួមមានក្រសួងកំពុងព្យាករ និងវាយតម្លៃការប្រមូលផលស្រូវនាដើមរដូវពីខែកក្កដា ដល់ខែកញ្ញា ទៅតាមប្រភេទពូជ តំបន់ និងពេលវេលាប្រមូលផល, មន្ត្រីកសិកម្មឃុំកំពុងចុះឈ្មោះកសិករ ដើម្បីសម្របសម្រួលទីផ្សារ សម្របសម្រួលការច្រូត និងប្រមូលផ្តុំលក់រួមគ្នា ក៏ដូចជាតម្រង់ទិសរោងម៉ាស៊ីនឱ្យមានកិច្ចសហការ ជាពិសេសរោងម៉ាស៊ីនដែលបានទទួលប្រាក់កម្ចីតាមកម្មវិធីហិរញ្ញប្បទានពិសេសរបស់ក្រសួងកសិកម្ម ក្នុងការទិញឲ្យចំគោលដៅដែលខ្វះទីផ្សារ ឬខ្វះអ្នកប្រមូលទិញតែម្ដង។
ជាមួយគ្នានេះលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ដោយសារកសិករភាគច្រើននិយមធ្វើស្រែដោយប្រើប្រាស់ពូជស្រូវពីប្រទេសវៀតណាម ដែលជាហេតុទីផ្សារស្រូវទាំងនោះស្ថិតក្នុងដៃវៀតណាម ដូច្នេះប្រសិនកសិករប្រើប្រាស់ពូជក្នុងស្រុក នោះទីផ្សារក្នុងស្រុកនឹងអាចជួយប្រមូលទិញទិន្នផលស្រូវទាំងនោះពីកសិករ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា បច្ចុប្បន្នស្រូវទំនងជាមិនអាចលក់បានក្នុងតម្លៃថ្លៃនោះទេ ដោយសារអង្ករនៅលើពិភពលោកក៏កំពុងជួបវិបិត្តធ្លាក់ថ្លៃ តែយ៉ាងណាលោកលើកទឹកចិត្តដល់កសិករឱ្យផលិតពូជស្រូវក្នុងស្រុក ទើបអាចមានទីផ្សារល្អ។
ជាមួយគ្នានេះលោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិនាំចេញកសិផលនៃក្រុមហ៊ុនអង្គរហ្រ្គីនកត់សម្គាល់ឃើញថា កត្តាដែលជំរុញឱ្យកសិករធ្វើស្រែភាគច្រើនប្រើប្រាស់ពូជស្រូវពីវៀតណាម ដោយសារផ្តល់ទិន្នផលខ្ពស់ ងាយស្រួលរកទិញពូជ ក៏ដូចជាងាយស្រួលផលិតជាដើម ខណៈកាលពីមុនពូជស្រូវ OM ក៏មានទីផ្សារល្អផងដែរ។ ប៉ុន្តែដោយសារបច្ចុប្បន្នពូជស្រូវប្រភេទនេះជួបបញ្ហាច្រើន លោកលើកទឹកចិត្តឱ្យកសិករគួរងាកទៅផលិតស្រូវដោយប្រើប្រាស់ពូជក្នុងស្រុក ព្រោះវាផ្ដល់ភាពងាយស្រួលក្នុងការលក់ទៅឱ្យរោងម៉ាស៊ីនស្រូវក្នុងស្រុក។ បើតាមអ្នកជំនាញរូបនេះ ដើម្បីអាចឱ្យកសិករអាចមានសម្ថភាពផ្លាស់ប្ដូរពូជស្រូវបាន ភាគីពាក់ព័ន្ធត្រូវផលិតពូជស្រូវក្នុងស្រុកឱ្យបានច្រើននិងលក់ជូនកសិករក្នុងតម្លៃសមរម្យ។
គួរបញ្ជាក់ថា កាលពីកន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាស្ថាប័នពាក់ព័ន្ធបានជំរុញស្នើដល់កសិករឱ្យស្រែដោយប្រើប្រាស់ពូជស្រូវក្នុងស្រុក ដើម្បីមានស្ថិរភាពផ្នែកទីផ្សារលក់ តែយ៉ាងណាបើតាមអ្នកជំនាញរដ្ឋាភិបាលគួរតែមានយន្តការផលិតពូជស្រូវក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀត ពិសេសលក់ក្នុងតម្លៃសមរម្យ ទើបកសិករមានសមត្ថភាពផ្លាស់ប្ដូរមកផលិតពូជស្រូវក្នុងស្រុក៕
អត្ថបទដោយ៖ ជា ម៉ារ៉ា