ប្រទេសមានការអភិវឌ្ឍន៍តិចតួច

តើការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចអាចផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាដែរ?


បើគ្មានអ្វីប្រែប្រួលទេកម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅចុងឆ្នាំ២០២៩ តាមការតម្រូវរបស់អង្គការសហប្រជាជាតិ (UN)។ បើទោះបីជាការចាកចេញនេះ អាចធ្វើឱ្យកម្ពុជាបាត់បង់អត្ថប្រយោជន៍លើទទួលបានកម្ចីសម្បទាន និងការអនុគ្រោះពាណិជ្ជកម្មមួយចំនួនពីប្រទេសដៃគូក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជឿជាក់ថា នេះជាឱកាសថ្មីក្នុងការបង្កើនទំនុកចិត្ត និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។ តើថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចមានសុទិដ្ឋិនិយមយ៉ាងណាខ្លះចំពោះរបត់ថ្មីនេះ?
ការអភិវឌ្ឍន៍តិចតួច
ដោយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចវាផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានសម្រាប់កម្ពុជា។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការចាកចេញនេះនឹងធ្វើឱ្យកម្ពុជាបាត់បង់ការអនុគ្រោះពន្ធពាណិជ្ជកម្ម បាត់បង់ការទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់សម្បទាន និងជំនួយមួយចំនួន តែវាជាជណ្តើរដ៏សំខាន់ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ តែទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា រាជរដ្ឋាភិបាលកម្ពុជារៀបចំផែនការរួចរាល់ហើយ ដើម្បីបំប្លែងបញ្ហាប្រឈមឱ្យទៅជាកម្លាំងរុញច្រានសេដ្ឋកិច្ច។

ជាមួយគ្នានេះឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានពន្យល់ថា ការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច គឺជាកាតព្វកិច្ច និងជាលទ្ធផលនៃភាពរីកចម្រើនដែលអង្គការសហប្រជាជាតិបានកំណត់។ អ្វីដែលសំខាន់ វានឹងក្លាយជាស្លាកយីហោថ្មីរបស់កម្ពុជាលើឆាកអន្តរជាតិ ដែលបង្ហាញពីស្ថិរភាព និងភាពរឹងមាំនៃសេដ្ឋកិច្ច ដែលអាចទាក់ទាញក្រុមហ៊ុនយក្សៗឱ្យមកបោះទុនវិនិយោគកាន់តែខ្លាំង។

សូមបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេកម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅចុងឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តែយ៉ាងណាក្រោយការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជាមិនទាន់បាត់បង់ការអនុគ្រោះ និងជំនួយផ្សេងៗភ្លាមៗនោះទេ ពោលគឺកម្ពុជាអាចបន្តទទួលបានការអនុគ្រោះនេះចន្លោះពី២ទៅ៣ឆ្នាំបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រោយចាកចេញពីឋានៈនេះហើយ កម្ពុជាក៏អាចធ្លាក់មកជាប្រទេសមានការអភិវឌ្ឍតិចតួចវិញផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ចិនអះអាងថា ការចាត់វិធានការលើមេយោធាកំពូលៗមិនមែនជារឿងផ្ទៃក្នុងនោះទេ តែជាការលុបឧបសគ្គ ដើម្បីពង្រឹងកងទ័ព

ការចាត់វិធានការរបស់អាជ្ញាធរចិនលើមេដឹកនាំយោធាជាន់ខ្ពស់កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ ជាពិសេសលើលោក ចាង យូជា (Zhang Youxia) បានបង្កឱ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ