លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្មម្នាក់បានលើកឡើងពីក្ដីបារម្ភចំពោះកសិករ ដែលផលិតដំឡូងមីនៅខេត្តជិតព្រំដែនជាមួយប្រទេសថៃ ដែលអាចជួបបញ្ហាទីផ្សារនៅក្នុងរដូវប្រមូលផលនៅចុងឆ្នាំនេះ ដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ហាក់មិនទាន់មានភាពធូរស្រាល។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នដំឡូងមីកម្ពុជា អាចនាំចេញទៅលក់នៅប្រទេសវៀតណាម ជំនួសឱ្យទីផ្សារថៃ តែថ្លៃដឹកជញ្ជូនហាក់ខ្ពស់ ដែលទាមទារឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធជួយធ្វើយ៉ាងណាជំរុញឱ្យមានកែច្នៃដំឡូងមីស្រស់ទៅជាដំឡូងមីស្ងួតនៅតាមតំបន់ជាយដែនថៃ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន។
ជាមួយគ្នានេះ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានលើកឡើងថា ការផលិតដំណាំដំឡូងមីនៅតាមតំបន់ជិតព្រំដែនថៃ ហាក់មិនសូវទទួលបានទិន្នផលល្អនោះទេ ដោយសារសណ្ឋានដីនៅតំបន់នោះមិនសូវមានជីជាតិ គួបផ្សំការប្រមូលផលដំឡូងមីនៅមិនទាន់គ្រប់អាយុ និងមិនមានការផ្លាស់ប្ដូរពូជដំឡូងមីជាដើម។ ជុំវិញបញ្ហានេះសហព័ន្ធដំឡូងមីកម្ពុជា នឹងរៀបចំយុទ្ធនាការចុះផ្សព្វផ្សាយពីបច្ចេកទេសដាំដុះ និងផ្លាស់ប្ដូរពូជដំឡូងមីក្នុងឆ្នាំ២០២៦។ តែយ៉ាងណាកសិករនៅតំបន់ជាយដែនថៃ កំពុងប្រឈមជាមួយបញ្ហាដឹកជញ្ជូន ដូច្នេះសហព័ន្ធដំឡូងមីកម្ពុជា ក៏កំពុងចរចាជាមួយភាគីចិន ឱ្យមកវិនិយោគក្នុងវិស័យដឹកជញ្ជូន ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនក្នុងស្រុក។
បើតាមឧកញ៉ា ច្រាយ សុន សម្រាប់រថយន្តដែលកំពុងសិក្សាជាមួយចិន ឱ្យមកបោះទុនវិនិយោគក្នុងវិស័យដឹកជញ្ជូននេះ គឺជាដំណោះស្រាយរយៈពេលវែងមួយ ដើម្បីរួមចំណែកជួយជំរុញទីផ្សារកសិផលខ្មែរ។ តែយ៉ាងណាប្រសិនរដ្ឋាភិបាលអាចដាក់ចេញគោលការណ៍លើការដឹកជញ្ជូនអាចបន្ថែមទម្ងន់បានច្រើនបន្ថែមទៀត នោះតម្លៃដឹកជញ្ជូនក្នុងស្រុក ក៏ចុះថោកទៅតាមនោះដែរ។
គួរបញ្ជាក់ថា សហព័ន្ធដំឡូងមីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមដំឡូងមីវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម ដោយសន្យាទិញដំឡូងមីស្រស់ពីកម្ពុជា ប្រមាណ៩លានតោនក្នុង១ឆ្នាំ សម្រាប់ការអនុវត្តរយៈពេល៥ឆ្នាំ ក្នុងកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ ជា ម៉ារ៉ា